អ៊ុយក្រែន៖ សមាជិកសភាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានបោះឆ្នោតដើម្បីសម្រេចតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី ព្រមជាមួយឧបនាយករដ្ឋមន្ត្រីថ្មីពីររូប ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានចាប់ផ្តើមការអនុវត្តនូវការរុះរើរដ្ឋាភិបាលដ៏ធំបំផុតមួយក្រោយការឈ្លានពានរបស់រុស្សីកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
លោក Andrii Sybiha បច្ចុប្បន្នមានវ័យ ៤៩ឆ្នាំត្រូវគេដឹងថាលោកគឺជាមន្រ្តីការទូតដ៏មានបទពិសោធន៍ម្នាក់ ប៉ុន្តែជីវប្រវត្តិរបស់លោកពុំសូវមានការចែករំលែកទូលំទូលាយជាសាធារណៈនោះឡើយ បានចូលមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Dmytro Kuleba។ យ៉ាងណាមិញ ការតែងតាំងរដ្ឋមន្រ្តីការបរទេសថ្មីនេះត្រូវបានគេសម្លឹងឃើញថានឹងមិនមានការជះឥទ្ធិពលខ្លាំងក្លាណាមួយដល់គោលនយោបាយការបរទេសរបស់អ៊ុយក្រែននោះឡើយ ពោលគឺកិច្ចការងារការទូត និងវិស័យការបរទេសនៅតែត្រូវបានសម្រេចដោយការិយាល័យប្រធានាធិបតី Volodymyr Zelenskyy ដដែល។
លោក Dmytro Razumkov សមាជិកសភាបក្សប្រឆាំងបានព្យាករណ៍ថាការតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មីនាំឱ្យមានការផ្លាស់ប្តូរគោលជំហរនយោបាយតិចតួច ត្បិតការសម្រេចចិត្តភាគច្រើនត្រូវបានធ្វើឡើងដោយប្រធានាធិបតីផ្ទាល់ដែលត្រូវបានប្រគល់អំណាចឱ្យយ៉ាងលើសលុបក្រោមច្បាប់អាជ្ញាសឹកក្នុងសម័យសង្គ្រាម។ ក្រៅពីការតែងតាំងរដ្ឋមន្រ្តីការបរទេសថ្មី សភាអ៊ុយក្រែនក៏បានតែងតាំងលោកស្រី Olha Stefanyshyna មានវ័យ ៣៨ឆ្នាំជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកសមាហរណកម្មអឺរ៉ុប រួមជាមួយការពន្លាតសមត្ថកិច្ចលោកស្រីឱ្យមានការត្រួតពិនិត្យ និងតាមដានក្នុងវិស័យយុត្តិធម៌ផងដែរ។
ក្រៅពីនេះ សមាជិកសភាអ៊ុយក្រែនក៏បានអនុម័តលើការតែងតាំង លោក Oleksiy Kuleba ដែលជាអតីតអនុប្រធានការិយាល័យរបស់ Zelenskyy ទៅជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការកសាងឡើងវិញ តាមតំបន់នានា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារសង្គ្រាម។ ក្រោយការតែងតាំងមន្រ្តីនៃរដ្ឋាភិបាលថ្មីនៅពេលនេះ គេរំពឹងថានឹងមានការតែងតាំងមន្រ្តីសំខាន់ៗមួយចំនួនជាបន្តបន្ទាប់ទៀត ដែលជាផ្នែកមួយនៃការរុះរើ និងរៀបចំគណៈរដ្ឋមន្រ្តី៕