
ជំនន់ទឹកភ្លៀងធ្លាក់ពីថៃជនលិចច្រកទ្វារតំបន់ព្រំដែនម៉ាឡៃត្រឹមភ្លៅនិងតាមតំបន់មួយចំនួនទៀតតាមបន្ទាត់ព្រំដែនស្រុកម៉ាឡៃ
បន្ទាយមានជ័យ: ជំនន់ទឹកភ្លៀងធ្លាក់ពីថៃបណ្តាលឲ្យជនលិចច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ កម្ពស់ទឹកជិត១ម៉ែត្រ និងតាមតំបន់មួយចំនួនទៀតតាមបន្ទាត់ព្រំដែននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ជា សេងអាន ប្រធានគណៈកម្មាធិការច្រកតំបន់ព្រំដែនម៉ាឡៃបានប្រាប់ថាក្រោយមានភ្លៀងធា្លក់មួយមេធំរយៈពេលជិត៥ម៉ោងកាលពីយប់ថ្ងៃទី៣១ ខែសីហា បានធ្វើឲ្យជនលិចច្រកទ្វារតំបន់ព្រំដែន ស្រុកម៉ាឡៃរហូតដល់ ចំណុចច្រកទ្វារជាប់ព្រំដែនថៃ ដល់ផ្លូវកៅស៊ូចូលច្រកទ្វារប្រវែងជាង១០០ម៉ែត្រមានកម្ពស់ទឹកជិត១ម៉ែត្រ។
លោកបានបញ្ជា់កថាច្រកទ្វារតំបន់ព្រំដែនម៉ាឡៃដែលត្រូវបានជំនន់ទឹកភ្លៀងជនលិចនេះ គឺជាច្រកសេដ្ឋកិច្ចមួយ ជាប់ព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលមានរថយន្តដឹកទំនិញចូលមកកម្ពុជា ក្នុងនោះ១ថ្ងៃ មានរថយន្ត៤ទៅ៥គ្រឿង ភាគច្រើនជាទំនិញហូបចុកនិងគ្រឿងសំណង់តិចតួច។
លោក សុខ ពេញណន អភិបាលរងស្រុកម៉ាឡៃបានប្រាប់ថាជំនន់ទឹកភ្លៀងនិងទឹកជំនន់ពីថៃដែលហូរធ្លាក់មកលិចដែលប៉ះពាល់នៅតាមបន្ទាត់ព្រំដែននៅតំបន់ទំនាប មានឃុំម៉ាឡៃ និងឃុំបឹងបេង ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ ដែលកំពុងប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ និងដំណាំកសិកម្ម បានលិចដំឡូងមី ពោត និងជម្រកស្នាក់នៅរបស់កងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រម៉ាឡៃ។
លោកបានបញ្ជាក់ថាជំនន់ទឹកភ្លៀងនិងទឹកដែលធ្លាក់ពីថៃកើតមានរាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៤ទៅ៥ម៉ោងតែតែងលិចនៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងនៅតាមតំបន់ទំនាបមួយចំនួនទៀត ត្រូវបានលិចតែរយៈពេល៤ទៅ៥ថ្ងៃ បើគ្មានភ្លៀងធ្លាក់បន្ត នឹងស្រកអស់ទៅវិញ៕