ម៉ាឡេស៊ី៖ ក្រសួងការបរទេសម៉ាឡេស៊ីថ្លែងថា ក្រសួងនឹងដាក់របាយការណ៍ប៉ូលិស និងអនុវត្តការស៊ើបអង្កេតផ្ទៃក្នុងលើការបែកធ្លាយឯកសារកំណត់ទូតដែលបានចាត់ថ្នាក់ដោយក្រសួងការបរទេសចិន ទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈកន្លងទៅ។ ក្រសួងការបរទេសចិនបញ្ជាក់ថា ឯកសារកំណត់ទូតដែលបែកធ្លាយនោះត្រូវបានបោះពុម្ពនៅក្នុងអត្ថបទមួយដោយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ ដោយក្រសួងមិនបានបញ្ជាក់លម្អិតពីខ្លឹមសារដែលបែកធ្លាយនោះទេ។
សារព័ត៌មានហ្វីលីពីន The Inquirer បានចុះផ្សាយអត្ថបទមួយរាយការណ៍ថា ប្រទេសចិនបានផ្ញើឯកសារចំនួន ២ទំព័រទៅកាន់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈ ដោយអះអាងថាការរុករកប្រេង និងឧស្ម័នរបស់ម៉ាឡេស៊ីនៅក្នុងសមុទ្រចិនខាងត្បូងបានរំលោភទៅលើអធិបតេយ្យភាពរបស់ចិន។ យ៉ាងណាក្ដី គេមិនទាន់អាចបញ្ជាក់ ឬផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារនោះបាននៅឡើយទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសម៉ាឡេស៊ីបញ្ជាក់ថា ក្រសួងយល់ឃើញថាការលេចធ្លាយឯកសារនេះ ដែលអាចជាបណ្តាញទំនាក់ទំនងផ្លូវការរវាងប្រទេសទាំងពីរ ជាមួយនឹងការព្រួយបារម្ភយ៉ាងខ្លាំង។ ដោយឡែក ស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ី ពុំទាន់មានការអត្ថាធិប្បាយណាមួយឡើយជុំវិញបញ្ហានេះ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ធ្លាប់បាននិយាយថា ទីក្រុងប៉េកាំងបានបង្ហាញក្ដីព្រួយបារម្ភអំពីសកម្មភាពក្រុមហ៊ុនរដ្ឋម៉ាឡេស៊ី Petronas ដែលនាយករដ្ឋមន្រ្តីម៉ាឡេស៊ីអះអាងថាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចរចាជាមួយចិនលើបញ្ហាជម្លោះដែនសមុទ្រ។ ក្រុមហ៊ុន Petronas ឬ Petroliam Nasional Berhad ដែលធ្វើប្រតិបត្តិការអណ្តូងប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ី ហាក់មានការប៉ះទង្គិចកាន់តែច្រើនឡើងជាមួយនាវាចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕