ឯកឧត្តម កើត រិទ្ធ ផ្ញើសាររំលែកមរណទុក្ខគោរពជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាពសម្តេច ចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវឧក៉ញា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។
ក្នុងសារលិខិតរំលែកមរណទុក្ខនេះ ឯកឧត្តម កើត រិទ្ធ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់លំដាប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រៀមក្រំរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលអនិច្ចកម្មនៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងក្តីវិយោគដ៏សែនសោកសង្រេងស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំប្រកបដោយសេចក្តីស្រណោះអាឡោះអាល័យជាមួយ លោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាឧត្តមស្វាមីជាទីគោរពស្រឡាញ់បំផុតក្នុងជីវិត និងជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា និង ជីតាទួតដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម និងជាម្លប់ដ៏ត្រជាក់ត្រជំចំពោះកូន ចៅ និងចៅទួត ទាំងអស់គ្នា។
មរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ក៏ជាការបាត់បង់នូវ វីរកុលបុត្រ និងឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូបប្រកបដោយបញ្ញាញាណ ឆន្ទៈមនសិការស្នេហាជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយឆាកជីវិតរបស់ សម្តេច បានលះបង់យកអស់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបម្រើបុព្វហេតុ “ជាតិ សាសនា និងព្រះមហាក្សត្រ” ជាពិសេស ដង្ហែតាម និងបំពេញភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រកបដោយភក្តីភាពដ៏ស្មោះស្ម័គ្រជាទីបំផុត ទទួលបាននូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ គំរូវីរភាព និងពលិកម្មដ៏ធំធេង របស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ នឹងចារឹកទុកជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយគ្រប់ៗរូបយកតម្រាប់តាម។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ សូមឆាប់បានចាប់បដិសន្ធិក្នុងទីបរមសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕