ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបដិសេធសេចក្តីថ្លែងការណ៍របស់ APHR ដោយបញ្ជាក់ថា “ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌមិនមែនជាការអនុវត្តសិទ្ធិមនុស្សទេ”

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃចន្ទ ទី២ ខែកញ្ញានេះ បានចេញសេចក្តីបដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដោយថាសេចក្តីថ្លែងការណ៍នោះគ្មានមូលដ្ឋានខុសពីការពិត និងមានលក្ខណៈនយោបាយ និងមិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា APHR មិនមែនជាតំណាងឱ្យស្ថាប័ន ឬជាផ្នែកណាមួយនៃយន្តការរបស់អាស៊ាននោះឡើយ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា អង្គការនេះ បានចាត់ទុកខ្លួនឯងថាជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលមានចំណេះដឹងតិចតួចអំពីប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សាសនា ច្បាប់ជាតិនិង អន្តរជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា អង្គការ APHR បានបំផ្លើសនិងធ្វើសកម្មភាពដោយគ្មានការអៀនខ្មាស់ ព្រមទាំងដើរតួ ជាចៅក្រមជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ក្នុងគោលដៅនយោបាយតែប៉ុណ្ណោះ។ ការថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដោយសេចក្តីថ្លែងការណ៍របស់អង្គការនេះ គឺជាចេតនាគាំទ្រអំពើឧក្រិដ្ឋ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រកាសថា យោងតាមមាត្រា២៩ (២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ព្រមទាំងមាត្រា១៩ និង មាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលបានទទួលស្គាល់ សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ក៏មានការលើកលែងដែរ។ មាត្រាទាំងនេះ ក៏មានការឱ្យតម្លៃ លើការអនុវត្តសិទ្ធិ លើកិច្ចការពារសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ។ ទន្ទឹមនេះ ការផ្សព្វផ្សាយដល់សាធារណជន ដោយចេតនាទុច្ចរិតលើបញ្ហាព្រំដែន ដោយការប្រតិដ្ឋភស្តុតាង ការផ្សព្វផ្សាយព័ត៌មានមិនពិត ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាប់ឆ្នោតតាមបែប ប្រជាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាការប្រើប្រាស់ សិទ្ធិនិងសេរីភាពនោះទេ តែគឺជាការប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយមានការយល់ឃើញនិង ការអនុវត្តវិធានការដូចគ្នា សម្រាប់សង្គមប្រជាធិបតេយ្យ។

បន្ថែមពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យមួយចំនួន គឺផ្អែកលើភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន ដោយបុគ្គលទាំងនោះបានផ្សព្វផ្សាយការគំរាមកំហែង ព័ត៌មានក្លែងក្លាយ ក្នុងគោលបំណង ញុះញង់មហាជនឱ្យធ្វើបដិវត្តន៍ពណ៌ និងប្រព្រឹត្តអំពើហិង្សានានា ដើម្បីផ្តួលរំលំរបបរាជានិយមនៅកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែមថា ការចាប់ខ្លួនបុគ្គលមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នាពេលថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់ សេរីភាពក្នុងការបញ្ចេញមតិ ឬការជួបប្រជុំដោយសន្តិវិធីនោះទេ ប៉ុន្តែដោយសារតែចេតនាទុច្ចរិត ក្នុងការបង្កអស្ថិរភាព និងញុះញង់ឱ្យប្រើអំពើហិង្សា ហើយអាជ្ញាធរបានរកឃើញភស្តុតាងជាក់លាក់ ដូចជា កាំភ្លើងកែច្នៃ ដ្រូនភ្ជាប់ដោយគ្រាប់ផ្ទុះ និងអាវុធគ្រោះថ្នាក់ដទៃជាច្រើនទៀត។ ហេតុដូច្នេះ អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួន ដើម្បីរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពនៅក្នុងសង្គមកម្ពុជា និងបន្តនីតិវិធីស្របតាមច្បាប់កម្ពុជា។ ទន្ទឹមនេះ អាជ្ញាធរក៏បានចាត់វិធានការ រដ្ឋបាលផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត ដូចជាការផ្តល់ព័ត៌មានពិតនិងទុកចិត្តបាន ហើយឱ្យបុគ្គលទាំងនេះត្រឡប់ទៅផ្ទះវិញ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ណាមួយ ដើម្បីដាក់សម្ពាធ និងបង្គាប់បញ្ជាឱ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់ការចោទប្រកាន់ណាមួយជាបន្ទាន់ គឺជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងមិន គោរពនីតិរដ្ឋ។ ការសម្រេចសេចក្តីដោយឯករាជ្យរបស់តុលាការ ជាការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ តាម គោលការណ៍នីត្យានុកូលភាព និងដំណើរការនីតិវិធីត្រឹមត្រូវ គោរពសិទ្ធិជាមូលដ្ឋាន ដែលផ្តល់ឱ្យ ជនជាប់ចោទ ទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និងទទួលបានឱកាស ដើម្បីការពារខ្លួន ស្របច្បាប់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទន្ទឹមនេះ នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមជាច្រើន រួមមាន Facebook, Instagram, Telegram និង Whatsapp ជាដើម ដោយគ្មានការរឹតត្បិត ក្នុងការបញ្ចេញមតិយោបល់របស់ពួកគេ ក្នុងបរិយាកាសមួយដែលមានលក្ខណៈសេរី និងទូលំទូលាយ។ ជាងនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយប្រមាណ ២ ០០០ និងអ្នកសារព័ត៌មាន រាប់ម៉ឺននាក់ រួមទាំងអង្គភាពសារព័ត៌មានរិះគន់រាជរដ្ឋាភិបាលផងនោះ បាននិងកំពុងដំណើរការផ្សាយ ដោយសេរីទាំងក្នុងទម្រង់បែបប្រពៃណីនិងឌីជីថល ដោយមិនមានការត្រួតពិនិត្យជាមុនឡើយ។ ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តរក្សាសង្គមពហុនិយម បរិយាប័ន្ទ និងប្រជាធិបតេយ្យ ជាមួយនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានហ្មត់ចត់ មុននឹងសម្តែងនូវមតិសន្និដ្ឋានណាមួយ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ គោលការណ៍វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺត្រូវ ពិនិត្យមើលជាសំខាន់ ពីកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា និងបរិបទនយោបាយរបស់ប្រទេសនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក