អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ខ្លួននឹងផ្អាកការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល ព្រោះអាវុធដែលនាំចេញទាំងនោះអាចនឹងត្រូវប្រើក្នុងគោលដៅបំពានច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy ថ្លែងថា គេអាចមើលឃើញនូវហានិភ័យយ៉៉ាងជាក់ច្បាស់ ដែលសព្វាវុធមួយចំនួនអាចត្រូវបានប្រើប្រាស់ដើម្បី "ប្រព្រឹត្ត ឬសម្របសម្រួលនាំឱ្យមានការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ" ។
លោក David Lammy បានថ្លែងប្រាប់សមាជិកសភាថា ការសម្រេចខាងលើនេះមានជាប់ទាក់ទងនឹងអាជ្ញាបណ្ណនាំចេញប្រហែល ៣០ ក្នុងចំណោម ៣៥០អាជ្ញាបណ្ណទៅកាន់ប្រទេសអ៊ីស្រាអែល។ អង់គ្លេស បានក្លាយជាប្រទេសដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តមួយចំនួនរបស់អ៊ីស្រាអែល ដែលរដ្ឋាភិបាលកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការបញ្ឈប់ការនាំចេញសព្វាវុធ ដោយសារតែចំនួនអ្នកស្លាប់មានកាន់តែច្រើនក្នុងសង្គ្រាមដែលមានរយៈពេលជាង ១១ ខែនៅតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ក៏បានរិះគន់ភ្លាមៗទៅលើការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្អាកការនាំចេញអាវុធមួយចំនួនទៅកាន់អ៊ីស្រាអែល ដោយបញ្ជាក់ថា លោកមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងអំពីការហាមឃាត់ដែលធ្វើឡើងដោយរដ្ឋាភិបាលចក្រភពអង់គ្លេសលើអាជ្ញាប័ណ្ណនាំចេញដែលរួមចំណែកដល់វិស័យការពារជាតិរបស់អ៊ីស្រាអែល។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានថ្លែងនៅលើបណ្ដាញសង្គម X កាលពីថ្ងៃចន្ទម្សិលមិញនេះថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសលើការនាំចេញអាវុធនេះ ហាក់ជាសារដែលភ្ជាប់នូវបញ្ហាយ៉ាងខ្លាំងទៅកាន់អង្គការភេរវករ Hamas និងភ្នាក់ងាររបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់"៕