កោះតៃវ៉ាន់៖ អតីតអភិបាលក្រុងតៃប៉ិដែលជាមេដឹកនាំបក្សប្រឆាំងតូចមួយនៅកោះតៃវ៉ាន់ផងនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហានេះ ដែលជាផ្នែកមួយនៃកិច្ចការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយនៃផែនការអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅក្នុងទីក្រុងធំបំផុតនៃកោះតៃវ៉ាន់នេះ។
អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ដែលកាន់តំណែងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានឆ្មក់ចូលទៅកាន់គេហដ្ឋាន និងជាទីស្នាក់ការបក្សរបស់លោក និងបន្ទាប់ពីបានបន្តកិច្ចសួរចម្លើយលើរូបលោកជាច្រើនម៉ោង។ នេះបើតាមការឱ្យដឹងពីគណបក្សប្រជាជនតៃវ៉ាន់ (Taiwan People's Party) របស់លោកបញ្ជាក់នៅថ្ងៃនេះ។
លោក Ko បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងអស់មកលើលោក និងអះអាងថាលោកពុំបានប្រព្រឹត្តកំហុសឆ្គងណាមួយឡើយ ដែលសមត្ថកិច្ចបានចោទប្រកាន់លោកជុំវិញការអនុម័តគម្រោងអចលនទ្រព្យមួយចំនួនអំឡុងពេលលោកនៅកាន់តំណែងជាអភិបាលក្រុង។ គណបក្ស TPP តាមរយៈសេចក្ដីថ្លែងការណ៍មួយបានអំពាវនាវឱ្យតុលាការពិនិត្យមើលដោយប្រុងប្រយ័ត្ននូវភាពស្របច្បាប់នៃនីតិវិធីការចាប់ខ្លួននេះ និងស្នើឱ្យមានការផ្តល់យុត្តិធម៌ដល់ប្រធានគណបក្សរបស់ខ្លួនគឺលោក Ko Wen-je។
សូមបញ្ជាក់ថា លោក Ko Wen-je គឺជាបេក្ខភាពប្រធានាធិបតីដែលទទួលបានការគាំទ្រលំដាប់ទី៣ អំឡុងការបោះឆ្នោតប្រធានាធិបតីនៃកោះតៃវ៉ាន់កាលពីខែមករាកន្លងទៅ ខណៈដែលគណបក្ស TPP របស់លោកទទួលបាន ៨អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន ១១៣ នៃសភាកោះតៃវ៉ាន់៕