អាជ្ញាធរបារាំងចោទប្រកាន់ CEO នៃកម្មវិធី Telegram ក្នុងការស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលកើតមានលើកម្មវិធីនេះ
បារាំង៖ នៅថ្ងៃពុធម្សិលមិញនេះ តុលាការបារាំងបានសម្រេចដាក់លោក Pavel Durov នាយកប្រតិបត្តិ (CEO) នៃកម្មវិធីផ្ញើសារ Telegram ឱ្យស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការ ក្នុងករណីដែលលោកត្រូវបានចោទប្រកាន់អំពីការអនុញ្ញាតឱ្យមានអំពើឧក្រិដ្ឋកម្មកើតមាននៅលើកម្មវិធីផ្ញើសារ Telegram នេះ។ យ៉ាងណាមិញ លោក Durov បានទទួលការអនុញ្ញាតឱ្យបង់ប្រាក់ធានា ៥លានអឺរ៉ូដើម្បីអាចនៅក្រៅឃុំ និងមានកាតព្វកិច្ចរាយការណ៍ជាប្រចាំពីរដងក្នុងមួយសប្តាហ៍ទៅកាន់សមត្ថកិច្ច និងមិនអនុញ្ញាតឱ្យចាកចេញពីទឹកដីបារាំងឡើយ។
រដ្ឋអាជ្ញាក្រុងប៉ារីស លោកស្រី Laure Beccuau ថ្លែងថា ចៅក្រមបានរកឃើញអង្គហេតុគ្រប់គ្រាន់ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ លើការចោទប្រកាន់ដែលធ្វើឡើងទៅលើលោក Pavel Durov ដែលត្រូវបានចាប់ខ្លួននៅលើទឹកដីបារាំងកាលពី ៤ថ្ងៃមុន។ លោក Pavel Durov ត្រូវបានចោទប្រកាន់ដោយតុលាការបារាំងថាលោកបានអនុញ្ញាតឱ្យកម្មវិធី Telegram ជាកម្មវិធីដែលអាចបង្កឱ្យមានប្រតិបត្តិការខុសច្បាប់, ការចែកចាយរូបភាពអាសអាភាស និងបំពានផ្លូវភេទកុមារ ការជួញដូរគ្រឿងញៀន និងការឆបោក និងបានបន្ថែមទៀតថា កម្មវិធី Telegram តែងតែបានព្យាយាមបដិសេធ និងមិនសហការជាមួយអាជ្ញាធរលើបញ្ហាលាងលុយកខ្វក់ និងជាកម្មវិធីដែលនាំឱ្យមានសុវត្ថិភាព និងសម្ងាត់ដល់ក្រុមឧក្រិដ្ឋជន។
ការសម្រេចដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការនៅក្នុងនីតិវិធីតុលាការបារាំង មិនមែនមានន័យថាបុគ្គលដែលត្រូវបានចោទប្រកាន់នោះពិតជាបានប្រព្រឹត្តកំហុស ឬនាំទៅដល់ការកាត់ក្ដីមុខតុលាការនោះទេ ប៉ុន្តែមានន័យថាចៅក្រមយល់ឃើញថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តការស៊ើបអង្កេតលើការចោទប្រកាន់នេះ។ យ៉ាងណាមិញ ការស៊ើបអង្កេតនេះអាចនឹងអូសបន្លាយពេលវែង មុនសម្រេចថានឹងបញ្ជូនទៅជំនុំជម្រះផ្លូវការ ឬដាក់សំណុំរឿងចូលក្នុងបញ្ជី។
ការចាប់ខ្លួននាយកប្រតិបត្តិកម្មវិធី Telegram នេះបានក្លាយជាប្រធានបទនៃការវែកញែកអំពីការរឹតបន្តឹងសេរីភាពបញ្ចេញមតិ និងការចាប់ផ្តើមអនុវត្តច្បាប់របស់តុលាការ។ មិនត្រឹមតែប៉ុណ្ណោះ ការអនុវត្តច្បាប់នេះក៏អាចបង្ហាញអំពីភាពអាក់អន់ចិត្តរវាងរដ្ឋាភិបាលបារាំង និងកម្មវិធីផ្ញើសារ Telegram ដែលចំណាត់ការផ្លូវច្បាប់របស់តុលាការបារាំងត្រូវបានគេគិតថា ជាការព្រមានទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះដែលជានិច្ចកាលបដិសេធមិនអនុវត្តតាមវិធានការរបស់អាជ្ញាធរជុំវិញសកម្មភាពខុសច្បាប់លើបណ្ដាញសង្គមនេះ។
រដ្ឋអាជ្ញាបារាំងបន្ថែមថា កម្មវិធី Telegram ត្រូវគេរកឃើញថាជាមធ្យោបាយទំនាក់ទំនងក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួន ដោយតុលាការអះអាងថាគ្មានស្ទើរតែគ្មានការឆ្លើយតបណាមួយសោះពីកម្មវិធី Telegram នូវសំណើពីតុលាការ រហូតដល់មានការចាប់អារម្មណ៍លើបញ្ហានេះពីសំណាក់អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសទៀតផង។ រដ្ឋអាជ្ញាក៏បានជំរុញឱ្យការិយាល័យផ្នែកឧក្រិដ្ឋកម្មនៃរដ្ឋអាជ្ញាក្រុងប៉ារីស បើកការស៊ើបអង្កេតមួយ "ចំពោះការទទួលខុសត្រូវព្រហ្មទណ្ឌដែលអាចកើតមានរបស់អ្នកគ្រប់គ្រងសេវាកម្មផ្ញើសារ Telegram ដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសទាំងនេះ"៕