លោក Trump អះអាងថានឹងមានកម្មវិធីជជែកពិភាក្សាដេញដោលតស៊ូមតិទល់នឹងលោកស្រី Harris នៅថ្ងៃទី១០ ខែកញ្ញាខាងមុខ
សហរដ្ឋអាមេរិក៖ បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump បានឱ្យដឹងថា លោកបានព្រមព្រៀងរួចរាល់ហើយក្នុងការចូលរួមកម្មវិធីជជែកពិភាក្សាដេញដោល និងតស៊ូមតិទល់នឹងបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។
គួរឱ្យដឹងថា ថ្មីៗនេះ លោក Donald Trump បានគំរាមថានឹងដកខ្លួនចេញពីកម្មវិធីពិភាក្សាដេញដោល និងតស៊ូមតិនេះ ខណៈអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក៏ធ្លាប់បង្ហើបថាមិនទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយក៏ដោយ។
នៅលើបណ្ដាញសង្គម Truth Social លោក Trump បានបង្ហោះសារមួយបញ្ជាក់ថា កម្មវិធី ABC showdown នឹងត្រូវធ្វើឡើងក្នុងលក្ខន្តិកៈដូចគ្នាទៅនឹងកម្មវិធីតស៊ូមតិនៅលើបណ្ដាញព័ត៌មាន CNN កាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅ ពោលគឺមិនមានទស្សនិកជនក្នុងស្ទូឌីយោផ្ទាល់ ហើយមីក្រូហ្វូនរបស់បេក្ខជនម្ខាងទៀតនឹងត្រូវបានបិទ នៅពេលបេក្ខជនផ្សេងមួយរូបទៀតកំពុងនិយាយ។
បើទោះបីជាកន្លងមក លោក Trump ធ្លាប់បានរិះគន់ជារឿយៗទៅលើបណ្ដាញព័ត៌មាន ABC ថាជាស្ថាប័នព័ត៌មានដ៏អាក្រក់ និងគ្មានភាពយុត្តិធម៌ជាដើមនោះ ប៉ុន្តែនៅពេលនេះលោក Trump បញ្ជាក់ថា ស្ថាប័ន ABC បានផ្តល់ការធានាជូនលោកថាកិច្ចពិភាក្សាដេញដោលដែលធ្វើឡើងនៅទីក្រុង Philadelphia នឹងធ្វើឡើងដោយ "យុត្តិធម៌ និងសមធម៌"។ យ៉ាងណាមិញ យុទ្ធនាការរបស់លោកស្រី Harris បានលើកឡើងហាក់ដូចជាមិនសូវមានភាពរីករាយប៉ុន្មានឡើយ ជាមួយនឹងលក្ខខណ្ឌដែលមីក្រូហ្វូនរបស់បេក្ខជនម្ខាងទៀតនឹងត្រូវបានបិទ អំឡុងការថ្លែងរបស់បេក្ខជនម្ខាងទៀត។
គួរបញ្ជាក់ផងដែរថា លោក Trump ធ្លាប់បង្ហាញការមិនពេញចិត្តម្តងរួចមកហើយ អំឡុងការចូលរួមក្នុងការជជែកដេញដោលនៅលើវេទិការបស់ CNN ទល់នឹងលោកស្រី Kamala Harris ដែលភ្លាមៗត្រូវបានជ្រើសរើសជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ជំនួសលោក Joe Biden ដែលបានប្រកាសដកខ្លួន មិនប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មី៕