ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ចុះពិនិត្យទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរក្បែរសមរភូមិរុស្សី-អ៊ុយក្រែន
អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ ប្រធានទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានទៅដល់ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ផ្ទាល់ ដែលទីតាំងនេះត្រូវបានរដ្ឋាភិបាលរុស្សីអះអាងថាបានរងការវាយប្រហារម្តងហើយម្តងទៀតដោយកងកម្លាំងអ៊ុយក្រែន ដែលទីតាំងនេះមានចម្ងាយប្រមាណតែជាង ៤០គីឡូម៉ែត្រប៉ុណ្ណោះ ពីដែនដីដែលត្រូវបានអ៊ុយក្រែនវាយប្រហារកាលពីពេលថ្មីៗ។
បញ្ហាសុវត្ថិភាពនៃនៃរោងចក្រថាមពលនុយក្លេអ៊ែរត្រូវបានគំរាមកំហែងម្តងហើយម្តងទៀត ក្នុងអំឡុងពេលនៃសង្រ្គាមអ៊ុយក្រែនដែលបានចាប់ផ្តើមតាំងពីខែកុម្ភៈឆ្នាំ២០២២ នៅគ្រាដែលរុស្ស៊ីបានបញ្ជូនកម្លាំងទាហានរបស់ខ្លួនរាប់ពាន់នាក់ឆ្លងកាត់ព្រំដែនចូលទៅកាន់ទឹកដីអ៊ុយក្រែន។ កន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងគៀវបានសាចទឹកដាក់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) និងកាំភ្លើងធំលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលការលុកលុយដោយកងកម្លាំងអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៦ ខែសីហា ជំរុញឱ្យមានការចាប់អារម្មណ៍លើរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ដែលជាស្ថានីយ៍ថាមពលដ៏សំខាន់តាំងពីសម័យសហសូវៀត។
ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានចោទប្រកាន់ទៅលើអ៊ុយក្រែនថាបានព្យាយាមវាយប្រហាររោងចក្រ Kursk ដែលមានរ៉េអាក់ទ័រ RBMK-1000 ដែលមានលក្ខណៈ និងការរចនាដូចគ្នាទៅនឹងរោងចក្រនុយក្លេអ៊ែរ Chornobyl ដែលរងការខូចខាត និងក្លាយជាកន្លែងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរស៊ីវិលដ៏អាក្រក់បំផុតរបស់ពិភពលោកកាលពីឆ្នាំ១៩៨៦។
លោក Rafael Grossi បានព្រមានម្តងហើយម្តងទៀតអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើរោងចក្រថាមពលនុយក្លេអ៊ែរនៅតែត្រូវបន្តរងការវាយប្រហារបន្ថែមណាមួយនោះ។ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរូបនេះបញ្ជាក់ថា មធ្យោបាយតែមួយគត់ដើម្បីវាយតម្លៃសុវត្ថិភាពរបស់រោងចក្រ និងធ្វើឱ្យមានភាពប្រាកដប្រជាទៅលើព័ត៌មានដែលខ្លួនទទួលបាន គឺមានតែចុះទៅពិនិត្យលើទីតាំងរោងចក្រដោយផ្ទាល់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរដែលទទួលការត្រួតពិនិត្យដោយទីភ្នាក់ងារអង្គការសហប្រជាជាតិនៅពេលនេះ គឺជាទីតាំងរោងចក្រស្ថិតក្រោមក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែររដ្ឋរុស្សី Rosatom៕