ភ្នំពេញ: “ការយល់ច្រឡំដោយអចេតនាអំពីការងារសិល្បៈ”។ នេះគឺជាអ្វីដែលហ្វារពន្លឺសិល្បៈបាននិយាយឆ្លើយតបទៅនឹងការរិះគន់ចំពោះវីដេអូចម្រៀងរបស់ខ្លួនបានផលិតមានចំណងជើងថា “ស្នេហ៍បាត់សម្រស់” ដែលទទួលបានការឧបត្ថម្ភថវិកាពីស្ថានទូតអាមេរិក។ វីដេអូចម្រៀងនេះត្រូវបានចេញផ្សាយដើម្បីជាការរំលឹកថ្ងៃខួបកំណើតគម្រប់អាយុ ៨៩ឆ្នាំរបស់សិល្បករខ្មែរលោក ស៊ីន ស៊ីសាមុត ដែលគាត់ត្រូវបានគេស្គាល់ថាជា “អធិរាជសំឡេងមាស” កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៧០ ហើយត្រូវបានសម្លាប់ដោយកណ្តាប់ដៃខ្មែរក្រហម។ នៅថ្ងៃខួបកំណើតគម្រប់ ៨៩ឆ្នាំរបស់គាត់ ស្ថានទូតអាមេរិកបានចេញវីដេអូចម្រៀងដែលសម្តែងដោយចៅស្រីរបស់លោក ស៊ីន ស៊ីសាមុត ប៉ុន្តែផ្នែកមួយនៃវីដេអូបទចម្រៀងនោះទទួលការរិះគន់យ៉ាងខ្លាំង។
បទ “ស្នេហ៍បាត់សម្រស់” ដោយលោក ស៊ីន ស៊ីសាមុត ដែលជាបទល្បីអស្ចារ្យ ឥឡូវនេះត្រូវបានលើកថតឡើងវិញសំដែងដោយ ចៅស្រីរបស់គាត់។ ប៉ុន្តែក្នុងឈុតមួយនៃបទចម្រៀនេះមិនបានបង្ហាញពីភាពស្រស់ស្អាត បានបណ្តាលឱ្យមានការតវ៉ានៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក។ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានចោទជាសំណួរអំពីចេតនាពិតនៃវីដេអូចម្រៀងនេះ។ គាត់និយាយថាបទចម្រៀងរបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត គឺពីរោះណាស់ ប៉ុន្តែលោកបានរិះគន់អំពីការជ្រើសយកទីតាំងគំនរសំរាមធ្វើជាកន្លែងថតនិងសម្តែងទៅវិញ។ លោក វណ្ណៈ បានចោទជាសំនួរថាតើអ្នកដែលនៅពីក្រោយគម្រោងនេះមានគោលបំណងអ្វី បានជាមិនបង្ហាញអំពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រទេសជាជាងការយករូបភាពទីតាំងសម្រាមមកដាក់ក្នុងបទចម្រៀងដ៏ល្បីមួយនេះ។
នាយកប្រតិបត្តិអង្គការហ្វារពន្លឺសិល្បៈលោក Osman Khawaja បានលើកទឹកចិត្តឱ្យអ្នកទស្សនាវីដេអូចម្រៀងនៅក្នុងបរិបទទាំងមូល។ គាត់និយាយថារូបភាពសំខាន់មួយដែលមិនត្រូវបានគេយកមកពិភាក្សា ក្នុងពេលមានភាពចម្រូងចម្រាសនោះ គឺរោងកុនកេរ្តិ៍ដំណែលពីកាលសម័យនោះ ដែលបង្ហាញអំពីប្រវត្តិសាស្ត្រនៅចំកណ្តាលបេះដូងនៃខេត្តបាត់ដំបង។ Khawaja បានរំលឹកថា រោងកុននោះគឺជាកន្លែងដែលបញ្ចាំងខ្សែភាពយន្តល្បី និងការប្រគុំតន្ត្រីដ៏ល្បីរបស់លោក ស៊ីន ស៊ីសាមុត កាលពីជំនាន់មុន។ គាត់និយាយថា ឃើញការសម្តែងរបស់ចៅស្រីលោក ស៊ីន ស៊ីសាមុត ច្រៀងចំរៀងជាមួយគាត់នៅទីនោះ អមដោយអេក្រង់ធំ និងរួមការសម្តែងដោយសិល្បៈខ្មែរជំនាន់ថ្មី គឺពិតជាការបង្ហាញពីមោទនភាពនិងភាពធន់នៃវប្បធម៌។
Khawaja បាននិយាយថា “ចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត អាចចូលទៅក្នុងអារម្មណ៍មនុស្សគ្រប់រូបដោយមិនគិតពីវណ្ណៈ ទ្រព្យសម្បត្តិ ឋានៈក្នុងសង្គម។ “នោះជាការបង្ហាញថាពួកគេអាចធ្វើការបំផុសគំនិតដល់យុវជន ក៏ដូចជាអ្នកដែលកំពុងរស់នៅក្នុងស្ថានភាពអស់សង្ឃឹម”។ គម្រោងច្នៃប្រឌិតនេះគឺពិតជាផ្តល់ឱ្យសិល្បករវ័យក្មេងទាំងនេះនូវទម្រង់មួយដើម្បីស្វែងរកទស្សនិកជនថ្មីៗតាមអនឡាញក្នុងកំឡុងពេលនៃការរីករាលដាលជំងឺរាត ដើម្បីបង្ហាញពីថាមពល ភាពធន់ និងភាពស្រស់ស្អាតនៃវប្បធម៌កម្ពុជា។ នៅពេលដែលបរិបទនៃវីដេអូទាំងស្រុងត្រូវបានយល់ច្បាស់ ហើយអ្នកទស្សនាបានឃើញខ្សែភាពយន្តទាំងស្រុង ពួកគេនឹងឃើញសារនៃក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ដែលមានតាមរយៈខ្សែភាពយន្តនោះ។ យើងរង់ចាំមើលការដាក់សម្ពោធខ្សែរភាពយន្តទាំងស្រុងនៅចុងឆ្នាំនេះ ពេលនោះនឹងធ្វើ ឱ្យមនុស្សគ្រប់រូបអាចយល់ពីអត្ថន័យកំណាព្យ ហើយបង្កើតគំនិតរបស់ពួកគេដោយឯករាជ្យ” ។
វីដេអូបទចម្រៀង “ស្នេហ៍បាត់សម្រស់” គ្រាន់តែជាឈុតឆាកមួយនៃខ្សែភាពយន្តបែបរវើរវាយ ត្រង់វគ្គអ្នកដែលស្នេហាបទចម្រៀងពីសម័យដើមរបស់លោក ស៊ីន ស៊ីសាមុត៕



