
រដ្ឋសភាបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុគណៈកម្មការប្រតិបត្តិដើម្បីរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា(គណៈកម្មការទី៥) និងជាអនុប្រធានប្រចាំការអនុគណៈកម្មការប្រតិបត្តិ ដើម្បីរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) ដែលរដ្ឋសភាកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកស្រី ជាសមាជិក សមាជិកាព្រឹទ្ធសភា លោក អង្គ វង្ស វឌ្ឍានា ប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ លោក ឈាង វុន ប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ លោកស្រី និន សាផុន ប្រធានអនុគណៈកម្មការឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច លោក ទី សុគន្ធ ប្រធានអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា លោក កែប ជុតិមា ប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ព្រមទាំងសមាជិក សមាជិកាអនុគណៈកម្មការ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក ឯកឧត្តម លោកជំទាវ មកពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនផងដែរ ៕