ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃកម្មវិធីផ្ញើសារ Telegram ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រទេសបារាំង
បារាំង៖ លោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Bourget ទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃសៅរ៍ ទី២៤ ខែសីហាម្សិលមិញ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 TV និង BFM TV ដោយដកស្រង់ព័ត៌មានពីប្រភពមិនបញ្ចេញអត្តសញ្ញាណមួយ។
សូមបញ្ជាក់ថា កម្មវិធីផ្ញើសារ Telegram គឺជាកម្មវិធីដ៏មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបណ្ដាប្រទេសអតីតសហភាពសូវៀត ត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ។ Telegram មានគោលដៅពង្រីកខ្លួនឱ្យមានអ្នកប្រើប្រាស់ដល់ ១ពាន់លាននាក់នៅឆ្នាំក្រោយ។
បើតាមបណ្ដាណព័ត៌មាន TF1 បញ្ជាក់ថា លោក Durov ត្រូវបានចាប់ខ្លួននៅលើយន្តហោះឯកជនផ្ទាល់ខ្លួន ដោយលោកមានឈ្មោះក្នុងដីកាឃាត់ខ្លួនមួយរបស់សមត្ថកិច្ចបារាំង នៅក្នុងសំណុំរឿងស៊ើបអង្កេតបឋមមួយ។ ប្រភពដដែលអះអាងថា លោក Durov ត្រូវបានចាប់ខ្លួនដោយពាក់ព័ន្ធនឹងដំណើរការនៃកម្មវិធី Telegram ដែលហាក់មានភាពចន្លោះប្រហោងដែលអាចនាំឱ្យមានភាពសេរីក្នុងការអនុញ្ញាតឱ្យសកម្មភាពឧក្រិដ្ឋកម្មធ្វើឡើងតាមរយៈកម្មវិធីផ្ញើសារនេះ។
បច្ចុប្បន្ននេះ ទាំងកម្មវិធីផ្ញើសារបណ្ដាញសង្គម Teleram, សមត្ថកិច្ចប៉ូលិស និងក្រសួងមហាផ្ទៃបារាំងនៅមិនទាន់មានការបំភ្លឺណាមួយជុំវិញការអះអាងថាមានការឃាត់ខ្លួន CEO កម្មវិធី Telegram នេះឡើយ។
លោក Pavel Durov ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,៥ពាន់លានដុល្លារអាមេរិក ដែលកន្លងមកលោកធ្លាប់បាននិយាយថាបណ្ដាញសង្គម Telegram គួរតែជា "វេទិកាអព្យាក្រឹត" និងមិនមែនជា "តួអង្គណាមួយនៅក្នុងភូមិសាស្ត្រនយោបាយ" នោះទេ។ ដោយឡែក ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីថា ស្ថានទូតមិនទាន់ទទួលបានការទាក់ទងណាមួយពីក្រុមការងាររបស់លោក Durov បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការចាប់ខ្លួននោះទេ ប៉ុន្តែស្ថានកំពុងចាត់វិធានការបន្ទាន់ភ្លាមៗ ដើម្បីបញ្ជាក់អំពីករណីនេះ៕