ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំផ្ទាល់លើការសម្ភាសន៍ជ្រើសរើសមន្រ្តីកិច្ចសន្យានៃ អ.ដ.ក.
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងអញ្ជើញដឹកនាំផ្ទាល់លើការសម្ភាសន៍ជ្រើសរើសមន្រ្តីកិច្ចសន្យានៃ អ.ដ.ក. ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែសីហាខាងមុខនេះ។ នេះបើតាមប្រភពព័ត៌មានដែលបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ជុំវិញកិច្ចការងារជ្រើសរើសមន្រ្តីកិច្ចសន្យានៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឬហៅកាត់ថា អ.ដ.ក. នេះ មានការផ្ទុះការជជែកវែកញែកជាច្រើននៅលើបណ្ដាញសង្គម ជាពិសេសក្រោយ អ.ដ.ក. បានបង្ហោះបញ្ជីរាយនាមបេក្ខជនដែលត្រូវបានជ្រើសរើស (Shortlist) ទាំង ៥០រូបឱ្យទទួលបានការសម្ភាសន៍មុននឹងសម្រេចចុងក្រោយអំពីបេក្ខជនជ័យលាភីទាំង ២៥រូបដែលនឹងក្លាយជាមន្រ្តីកិច្ចសន្យារបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានបញ្ជាក់ថា នីតិវិធីនៃការជ្រើសរើសនេះធ្វើឡើងដោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយវាយតម្លៃទៅលើគុណវុឌ្ឍិ បទពិសោធន៍ និងកត្តាគួបផ្សំមួយចំនួនទៀតពីក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យទាំងអស់ និងសម្រាំងបានបេក្ខជនចុងក្រោយទាំង ៥០នាក់ ដើម្បីឆ្លងកាត់វគ្គសម្ភាសន៍ផ្ទាល់មាត់មួយវគ្គទៀត មុននឹងសម្រេចជ្រើសយកបេក្ខជនទាំង ២៥នាក់ចុងក្រោយ។
ដោយឡែក ជុំវិញមតិមួយចំនួនដែលមានមន្ទិលទៅលើតម្លាភាព និងសុក្រឹត្យភាពនៃនីតិវិធីជ្រើសរើសបេក្ខជនខាងលើនេះវិញ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះអះអាងថា បេក្ខជនដែលបានជ្រើសរើសគឺសុទ្ធសឹងតែផ្អែកទៅលើការសម្រិតសម្រាំងបំផុត ហើយក្នុងនោះផងដែរក៏នៅមានការសម្ភាសន៍ផ្ទាល់មាត់ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្ថែមទៀតផង ដូច្នេះបេក្ខជនជ័យលាភីចុងក្រោយសុទ្ធតែជាបេក្ខជនដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ខណៈលោកធានាថាគ្មានភាពមិនប្រក្រតីណាមួយឡើយក្នុងដំណើរការនៃការជ្រើសរើសមន្រ្តីកិច្ចសន្យានេះ។
មតិពីយុវតីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ SreyKheav An ដែលកញ្ញាបានជាប់ជាមន្ត្រីកិច្ចសន្យានៅក្រសួងយុត្តិធម៌ ដោយសារការប្រលងសម្ភាសន៍ដូចគ្នានោះបានចែករំលែកយ៉ាងដូច្នេះថា៖ "ក្នុងការប្រលងការងារ ជាទូទៅមិនថាវិស័យឯកជន ឬរដ្ឋទេ គឺតែងតែមានការប្រលងទាំងបែបសរសេរ ឬ Shortlist និងសម្ភាសន៍។ វិធីទាំងនេះ ក៏ចាត់ទុកជាការប្រលងមួយដែរ ហើយគណៈកម្មការនឹងធ្វើការពិនិត្យវិចារណាលើកម្រិតនៃការសិក្សា ឬសញ្ញាបត្រ លក្ខខណ្ឌអាយុ និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងគោលដៅរបស់ស្ថាប័ន។ ហេតុនេះ យើងអាចយកទុកជាបទពិសោធន៍សម្រាប់បងប្អូនយុវជនទាំងអស់ សម្រាប់ការដាក់ពាក្យ ឬប្រកួតប្រជែងលើកក្រោយ មិនថាជាស្ថាប័នឯកជន ឬស្ថាប័នរដ្ឋនោះទេ។ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនយើង បន្តខិតខំសិក្សាបន្ថែមទៀត ព្រោះការសិក្សា និងសញ្ញាបត្រ គឺពិតជាសំខាន់ណាស់ក្នុងវិស័យការងារ"៕