សមត្ថកិច្ចអាមេរិកប្រកាសតាមចាប់ខ្លួនបុរសរស់នៅរដ្ឋ Arizona ម្នាក់ដែលបានគំរាមថានឹងសម្លាប់លោក Donald Trump
សហរដ្ឋអាមេរិក៖ ការិយាល័យប៉ូលិស Cochise បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បុរសរស់នៅរដ្ឋ Arizona ម្នាក់ត្រូវបានគេប្រកាសតាមចាប់ខ្លួន បន្ទាប់ពីបានគំរាមកំហែងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថាខ្លួនមានបំណងសម្លាប់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ។ លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ កំពុងស្ថិតនៅក្នុងតំបន់ Cochise ខណៈដែលលោកធ្វើទស្សនកិច្ចនៅតាមព្រំដែននៃសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក ដែលជាផ្នែកមួយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក។
ការិយាល័យប៉ូលិសដដែលក៏បានឱ្យដឹងថា បុរសដែលត្រូវគេតាមចាប់ខ្លួននោះមានឈ្មោះ Ronald Lee Syvrud អាយុ ៦៦ឆ្នាំ ហើយបុគ្គលរូបនេះក៏មានដីកាចាប់ខ្លួនជាច្រើនពីរដ្ឋ Wisconsin ផងដែរ។ ដោយឡែក នៅពេលដែលគេបានសួរនាំរូបលោកអំពីការគម្រាមសម្លាប់នេះ លោក Trump បានឆ្លើយថា៖ "ទេ! ខ្ញុំមិនបានដឹងឮអ្វីទេ! ប៉ុន្តែខ្ញុំមិនមានការភ្ញាក់ផ្អើលអ្វីនោះឡើយ ហើយមូលហេតុគឺដោយសារតែខ្ញុំចង់ធ្វើរឿងអាក្រក់សម្រាប់តែមនុស្សអាក្រក់ប៉ុណ្ណោះ"។
គួរបញ្ជាក់ថា នេះគឺជាករណីគំរាមដល់អាយុជីវិតរបស់បេក្ខភាពប្រធានាធិបតីរូបនេះចុងក្រោយបង្អស់ ខណៈការបោះឆ្នោតនឹងឈានចូលមកដល់នាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។ ជាក់ស្ដែង កាលពីដើមខែសីហានេះ បុរសម្នាក់រស់នៅរដ្ឋ Virginia ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងដល់អនុប្រធានាធិបតី Kamala Harris ហើយបុរសនៅរដ្ឋ New Hampshire ម្នាក់ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ពីបទគំរាមកំហែងសម្លាប់បេក្ខជនប្រជែងតំណែងប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីខែកក្កដានេះ លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំ ដែលជាការប៉ុនប៉ងធ្វើឃាតលើរូបលោក ដោយហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួស និងមនុស្សម្នាក់ស្លាប់៕