ប្រទេសចិន និងបេឡារុស្សឈានដល់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសន្តិសុខ
អន្តរជាតិ៖ យោងតាមសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៣ ខែសីហានេះបានឱ្យដឹងថា ប្រទេសចិន និងបេឡារុស្សបានឈានដល់កិច្ចព្រមព្រៀងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន វិស័យពាណិជ្ជកម្ម សន្តិសុខ ថាមពល និងហិរញ្ញវត្ថុ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីបេឡារុស្ស លោក Roman Golovchenko នៅឯរដ្ឋធានី Minsk ប្រទេសបេឡារុស្ស។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយក្រោយបញ្ចប់កិច្ចប្រជុំនៅក្នុងរដ្ឋធានី Minsk ប្រទេសបេឡារុស្សបង្ហាញថា ប្រទេសទាំងពីរ (ចិន-បេឡារុស្ស) ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងបន្តពង្រឹងការសម្របសម្រួលពាណិជ្ជកម្មដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួនសម្រាប់ប្រទេសទ្វេភាគី។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសចិនថ្លែងថា ប្រទេសបេឡារុសក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ Guangdong-Hong Kong-Macau និងតំបន់ Greater Bay Area ដែលជាតំបន់ពាណិជ្ជកម្មធំគ្របដណ្តប់ទីក្រុងចំនួនប្រាំបួនរួមមានដូចជា ទីក្រុង Guangzhou, Shenzhen និង Zhuhai ។
យោងតាមកាសែត China Daily បេឡារុស្សគឺជាប្រទេសមួយ ក្នុងចំណោមក្រុមប្រទេសដំបូងដែលឆ្លើយតបនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI ) របស់ចិន ហើយនាយករដ្ឋមន្រ្តីចិនថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីប្រទេសបេឡារុស្សថា ទំនាក់ទំនងចិន-បេឡារុស្សនៅតែមានភាពរស់រវើកក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ទោះបីជាមានការផ្លាស់ប្តូរលើទិដ្ឋភាពអន្តរជាតិមួយចំនួនក៏ដោយ។ ប្រភពពី China Daily ដដែលបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់បេឡារុស្សនៅអាស៊ី ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ៨.៤ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក Li Qiang បានអញ្ជើញដល់ប្រទេសបេឡារុស្សកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសរុស្ស៊ីក្នុងនាមជានាយករដ្ឋមន្ត្រីចិន៕