ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបិទបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាពីថ្ងៃទី២៦ ខែសីហាតទៅ
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ តទៅ។
ក្នុងនោះផងដែរ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា សម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួលលិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរហូតដល់អស់។
ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំដោយផ្ទាល់នៅកម្ពុជា។
ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ដែលមានបំណងស្នើសុំលិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រួសរាន់ អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៕


