សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលអំណោយរថយន្ត Toyota Hilux Revo Rally និង Toyota Fortuner ដែលទើបត្រូវបានដំឡើងក្នុងស្រុកជាលើកដំបូងនៅកម្ពុជា
ភ្នំពេញ: ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលអំណោយរថយន្ត Toyota Hilux Revo Rally និង Toyota Fortuner ចំនួន ០៣ គ្រឿង ដែលទើបត្រូវបានដំឡើងក្នុងស្រុកជាលើកដំបូង ដោយនេះគឺជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងវិស័យយានយន្តរបស់កម្ពុជា ។
លោក មែ ស៊ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចធិបតី សម្តែងនូវការពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការបើកដំណើរការរោងចក្រដំឡើងដំឡើងរថយន្តនៅកម្ពុជា និងបានថ្លែងអំណរគុណក្រុមហ៊ុន Toyota ដែលផ្តល់អំណោយជារថយន្តទាំងបីគ្រឿង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ។
ក្នុងនាមក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd, លោកឧកញ៉ា គង់ នួន បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងបានផ្តល់ការគាំទ្រឥតឈប់ឈរដល់ក្រុមហ៊ុន Toyota កន្លងមក និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការលើកកម្ពស់វិស័យយានយន្តនៅកម្ពុជា ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាពក្នុងតំបន់ ។