ជប៉ុន៖ គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុនបានឱ្យដឹងថា គណបក្សនឹងបំពេញនីតិវិធីជ្រើសរើសមេដឹកនាំថ្មីនាថ្ងៃទី២៧ ខែកញ្ញាខាងមុខ ក៏ទំនងជានឹងកំណត់បេក្ខភាពនាយករដ្ឋមន្រ្តីបន្ទាប់ផងដែរ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីកំពុងកាន់អំណាច លោក Fumio Kishida បានចេញមកប្រកាសថា លោកបានសម្រេចចិត្តមិនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតអាណត្តិថ្មីនោះទេ។
បើតាមការចុះផ្សាយពីសារព័ត៌មាន AFP ឱ្យដឹងថា គណៈកម្មាធិការផ្ទៃក្នុងបក្សបានសម្រេចឱ្យមានយុទ្ធនាការឃោសនាសម្រាប់ស្វែងរកការគាំទ្រជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ពោលគឺរយៈពេលជាង ២សប្តាហ៍មុនការបោះឆ្នោតចូលមកដល់។ សូមបញ្ជាក់ថា ការប្រកាសរបស់លោក Kishida នាពេលនេះមានន័យថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកនឹងត្រូវបញ្ចប់ក្នុងខែកញ្ញាខាងមុខ ដោយអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោកមានរយៈពេលមិនដល់ ៣ឆ្នាំផង។
ដោយឡែក សម្រាប់បេក្ខភាពដែលនឹងស្នងតំណែងជាមេដឹកនាំបក្សនៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ពោលគឺបេក្ខភាពដែលមានសមាសភាពចម្រុះត្រូវគេរំពឹងថានឹងប្រជែងរកការគាំទ្រសម្រាប់តំណែងដ៏មានឥទ្ធិពលមួយនេះ។ ក្នុងនោះផងដែរ អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba , អតីតរដ្ឋមន្ត្រីបរិស្ថាន លោក Shinjiro Koizumi និងរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន ប្រសិនបើលោកស្រីទទួលបានជាតំណែងប្រធានគណបក្សនេះ៕