អាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធដែនអាកាសរួមគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង
កូរ៉េខាងត្បូង៖ អង្គភាពទ័ពអាកាសរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃទី២០ ខែសីហានេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាង ២០០ គ្រឿងនឹងហោះហើរជាបន្តបន្ទាប់គ្នារយៈពេល ៥ថ្ងៃ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន និងគួរឱ្យកត់សម្គាល់នៅក្នុងសមយុទ្ធយោធារួមគ្នារវាងសម្ព័ន្ធមិត្តដ៏ស្អិតរមួតទាំងពីរនេះ។ គួរឱ្យដឹងថា សមយុទ្ធផ្លូវអាកាសនេះគឺជាផ្នែកមួយនៃសមយុទ្ធ Ulchi Freedom Shield ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងការត្រៀមលក្ខណៈរួមគ្នារបស់យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
សេចក្ដីបញ្ជាក់របស់អង្គភាពទ័ពអាកាសបន្ថែមថា យន្តហោះសម្រាប់ជើងហោះហើរល្បាតកំពុងត្រូវបានបង្វែរទៅកាន់សេណារីយ៉ូជាយន្តហោះប្រយុទ្ធ ក្រោមសមយុទ្ធក្លែងបន្លំដែលពាក់ព័ន្ធនឹងការចំអកយន្តហោះសត្រូវ និងប្រព័ន្ធការពារកាំជ្រួចមីស៊ីល។ ក្នុងនោះផងដែរ យន្តហោះចម្បាំងដែលមកពីមូលដ្ឋានទ័ពរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងក៏ត្រូវបានដាក់ឱ្យចូលរួមក្នុងសមយុទ្ធនេះដែរ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពចំនួន ២៨.៥០០នាក់ នៅលើទឹកដីកូរ៉េខាងត្បូង សម្រាប់ការការពារប្រឆាំងនឹងកូរ៉េខាងជើងដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ។
ជារៀងរាល់ឆ្នាំ កូរ៉េខាងជើងតែងតែធ្វើការជំទាស់ទៅនឹងសមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំ ដោយនៅក្នុងឆ្នាំ២០២៤ សមយុទ្ធនេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទកន្លងទៅ និងគ្រោងបញ្ចប់នាថ្ងៃទី២៩ ខែសីហាខាងមុខ។ ទីក្រុងព្យុងយ៉ាងបានបង្កើនសមត្ថភាពសង្គ្រាមយុទ្ធសាស្ត្ររបស់ខ្លួន ដោយផ្តោតលើមីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំធុនធ្ងន់ និងនៅតែចិញ្ចឹមចិត្តក្នុងការវាយប្រហារទៅលើកូរ៉េខាងត្បូង ជាពិសេស បន្ទាប់ពីមានការជឿនលឿនយ៉ាងខ្លាំងនៅក្នុងកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយមួយរយៈពេលចុងក្រោយនេះ៕