រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «ប្រហែលជាឱកាសល្អបំផុត និងប្រហែលជាលើកចុងក្រោយបង្អស់» នៃកិច្ចពិភាក្សាអំពីបញ្ហាតំបន់ហ្គាហ្សា
អន្តរជាតិ៖ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនាថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានហៅការព្យាយាមជំរុញការទូតដោយទីក្រុងវ៉ាស៊ីនតោនលើកនេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាថា «ប្រហែលជាឱកាសល្អបំផុត និងប្រហែលជាលើកចុងក្រោយបង្អស់» ហើយបានជំរុញឱ្យភាគីទាំងអស់ឈានទៅដល់ចំណុងចុងក្រោយនៃកិច្ចព្រមព្រៀងនេះ។
គួរឱ្យដឹងថា កិច្ចចរចាដែលបានបន្តជាហូរហែរក្នុងគោលបំណងឆ្ពោះទៅរកបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលបានធ្វើឡើងជាច្រើនខែមកហើយនោះ គ្រោងនឹងបន្តកិច្ចការងារនៅឯទីក្រុង Cairo ប្រទេសអេហ្ស៊ីបជាបន្ត បន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ថ្ងៃនៅឯទីក្រុងដូហា ទើបតែត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន។
ក្នុងនោះផងដែរ លោក Blinken ទំនងជានឹងបង្កើនសម្ពាធការទូតរបស់សហរដ្ឋអាមេរិក ក្នុងគោលដៅធានាឱ្យកិច្ចចរចាទទួលបានជោគជ័យណាមួយនៅចុងសប្តាហ៍នេះ ក្រោយពីមានសំណើមួយដែលមហាអំណាចនេះបានដាក់ចេញដើម្បីជំរុញឱ្យមានការបន្ថយគម្លាតនៃកិច្ចចរចារវាងភាគីពាក់ព័ន្ធក្នុងសង្គ្រាម។ នៅមុនជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Bliken បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "នេះគឺជាពេលវេលានៃការសម្រេចចិត្តមួយ ប្រហែលជាល្អបំផុត និងប្រហែលជាឱកាសចុងក្រោយក្នុងការយកចំណាប់ខ្មាំងមកផ្ទះវិញ ដើម្បីទទួលបានបទឈប់បាញ់ និងជាការជួយឱ្យគ្រប់គ្នាអាចទទួលបាននូវផ្លូវដែលមានសន្តិភាព និងសន្តិសុខប្រសើរជាងមុន"។ លោកបន្តថា៖ "ខ្ញុំនៅទីនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ស្ថិតក្រោមការណែនាំពីសំណាក់លោកប្រធានាធិបតី Joe Biden ដើម្បីព្យាយាមធ្វើឱ្យកិច្ចព្រមព្រៀងនេះឈានដល់ចំណុចរួមមួយ ដែលជាពេលវេលានៃភាគីទាំងអស់ត្រូវតែ «យល់ព្រម» និងគ្មានភាគីណាមួយស្វែងរកលេសដើម្បី «បដិសេធ» នោះទេ"។
គួរឱ្យដឹងថា ប្រទេសដែលបានដើរតួចូលរួមជាអ្នកសម្របសម្រួលរួមមានកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប រហូតមកដល់ពេលនេះនៅតែបរាជ័យលើការចរចាឆ្ពោះទៅរកបទឈប់បាញ់ ស្របពេលដែលអំពើហិង្សានៅតែបន្តកើតមាននៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ជាក់ស្ដែង នៅប៉ុន្មានម៉ោងមុនដំណើររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកមកដល់ទឹកដីអ៊ីស្រាអែល ក្រុមហាម៉ាសបានចេញមុខមកចោទប្រកាន់ទៅលើនាយករដ្ឋមន្រ្តីអ៊ីស្រាអែលថាជាអ្នកដែលបានធ្វើឱ្យរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួល ហើយបានពន្យារពេលលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់រវាងភាគីទាំងពីរ៕