ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៨ ខែមេសា រៀងរាល់ឆ្នាំ ជា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅក្នុងសង្គមជាតិ និងសកលលោក។ នេះបើយោងតាមអនុក្រឹត្យដែលអង្គភាពសារព័ត៌៌មាន EAC News ទទួលបាននៅថ្ងៃទី១៩ ខែសីហានេះ។
ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបាននូវព្រះរាជបរមងារកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។
ក្នុងអនុក្រឹត្យនោះ រាជរដ្ឋាភិបាលបានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទ។ ដោយឡែក ក្រសួងធម្មការនិងសាសនា ត្រូវរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ ដោយសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ស្របតាមស្ថានភាពជាក់ស្តែងនៃការវិវត្តនៃការរៀបចំទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅតាមបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា។
រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រសួងធម្មការនិងសាសនា ផ្ញើសារអបអរសាទរនិងគាំទ្រចំពោះការរៀបចំ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជូនគណៈគ្រប់គ្រងនៃកិច្ចប្រជុំកំពូលអ្នកកាន់ព្រះពុទ្ធសាសនាពិភពលោកផងដែរ៕