ប្រេស៊ីល៖ អ្នកស្រាវជ្រាវវេជ្ជសាស្រ្តប្រេស៊ីលមួយក្រុមបានបង្ហាញពីការរកឃើញនូវម៉ូលេគុលក្នុងពិសពស់មួយប្រភេទ ដែលមានលទ្ធភាពអាចទប់ស្កាត់ និងរារាំងការវិវត្តន៍ និងកកើតបន្ថែមនូវវីរុសកូវីដ-១៩ ក្នុងកោសិការបស់សត្វស្វា។ លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានគេចាត់ទុកថាជាជំហានដ៏ធំមួយក្នុងការឈានទៅដល់ការផលិតឱសថសម្រាប់ប្រឆាំងនឹងការកើតកូវីដ-១៩ នាពេលអនាគត។
តាមរយៈការចេញផ្សាយក្នុងសារព័ត៌មានវិទ្យាសាស្ត្រ ម៉ូលេគុលដែលមាននៅក្នុងពិសពស់មួយប្រភេទឈ្មោះ Jararacussu មានសមត្ថភាពអាចទប់ស្កាត់ការវិវត្តន៍ និងបង្កកំណើតរបស់វីរុសកូវីដក្នុងកោសិការបស់សត្វស្វាបានដល់ទៅ ៧៥ភាគរយ។
ម៉ូលេគុលនេះ គឺជាសង្វាក់នៃអាស៊ីដអាមីណូដែលអាចភ្ជាប់ទៅនឹងអង់ហ្ស៊ីមនៃមេរោគកូរ៉ូណាដែលហៅថា PLPro ដែលមានសារៈសំខាន់ចំពោះការរារាំងការបន្តពូជរបស់វីរុស ប៉ុន្តែម៉ូលេគុលនេះមិនធ្វើឱ្យប៉ះពាល់ដល់កោសិកាដទៃទៀតឡើយ។
យ៉ាងណាក្តី នៅក្នុងបទសម្ភាសន៍មួយ លោកសាស្រ្តាចារ្យ Rafael Guido នៃសាកលវិទ្យាល័យ Sao Paolo និងជាអ្នកដឹកនាំការស្រាវជ្រាវនេះបានហាមឃាត់ជាមុន ចំពោះការចេញទៅប្រមាញ់ ឬតាមចាប់ពស់ប្រភេទនេះក្នុងគោលបំណងយកពិសវាមកព្យាបាលជម្ងឺកូវីដ-១៩ ដោយលោកបានបញ្ជាក់ថា ពិសរបស់ពស់នេះតែម្យ៉ាង ពុំមែនជាអ្វីដែលយើងត្រូវប្រើប្រាស់សម្រាប់ការព្យាបាលកូវីដ-១៩ ឡើយ។ ផ្ទុយទៅវិញ វាតម្រូវឱ្យមានការសំយោគផ្សេងទៀតតាមបែបជីវៈដើម្បីផលិតជាម៉ូលេគុលនោះ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះ ក៏បានកំពុងសិក្សាលម្អិតបន្ថែមទៀតអំពីការវិវត្តន៍ នឹងមិនទាន់កំណត់សម្រាប់ការពិសោធន៍លើកោសិកាមនុស្សនៅឡើយទេ។
គួរបញ្ជាក់ថា ពស់ពិស Jararacussu នេះ គឺប្រភេទពស់ធំម្យ៉ាងដែលអាចមានប្រវែងរហូតដល់ ២ម៉ែត្រ ដែលគេឃើញមានវត្តមានក្នុងប្រទេសប្រេស៊ីល និងបណ្តាប្រទេសមួយចំនួនទៀតនៅទ្វីបអាមេរិកខាងត្បូងដូចជា បូលីវៀ, ប៉ារ៉ាហ្គាយ និងអាហ្សង់ទីនជាដើម៕