ព្រះមហាក្សត្រថៃរាជានុញ្ញាត និងទទួលស្គាល់លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីផ្លូវការ
ថៃ៖ ព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn ទ្រង់បានរាជានុញ្ញាតទទួលស្គាល់លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការហើយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតអនុម័តកាលពីសប្តាហ៍មុន ដោយការទទួលស្គាល់ជាផ្លូវការពីសំណាក់ព្រះមហាក្សត្រ មានន័យថាលោកស្រី Paetongtarn នឹងអាចរៀបចំបង្កើតគណៈរដ្ឋមន្ត្រីថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការអនុម័ត និងរាជានុញ្ញាតពីព្រះមហាក្សត្រ ដែលជាទម្រង់បែបបទតាមនីតិវិធីមួយត្រូវបានអានដោយអគ្គលេខាធិការសភាតំណាងរាស្រ្ត លោក Apat Sukhanand នៅក្នុងពិធីមួយនៅទីក្រុងបាងកក។
ក្នុងសម្លៀកបំពាក់ឯកសណ្ឋានផ្លូវការ លោកស្រី Paetongtarn បានលុតជង្គង់ក្រាបគោរពព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ Maha Vajiralongkorn មុនពេលថ្លែងសុន្ទរកថាដ៏ខ្លីមួយដោយថ្លែងអំណរព្រះគុណដល់អង្គព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មី៕