កាណាដា៖ រដ្ឋាភិបាលកាណាដា បានប្រកាសកាលពីថ្ងៃទី៣១ ខែសីហាម្សិលមិញនេះថា កាណាដា នឹងសម្រេចក្នុងការផ្តល់ទីកន្លែងតាំងទីលំនៅដល់ជនភៀសខ្លួនប្រមាណ ៥,០០០នាក់មកពីអាហ្វហ្គានីស្ថាន ដែលត្រូវបានជម្លៀសដោយសហរដ្ឋអាមេរិក ខណៈដែលនេះគឺជាការផ្តល់ដំណោះស្រាយមួយពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Justin Trudeau ដែលកន្លងមកលោកត្រូវបានគេរិះគន់ ដោយបានទុកចោលមិនអើពើពាក់ព័ន្ធនឹងជនភៀសខ្លួនទាំងនេះ។ ដំណោះស្រាយនេះក៏ត្រូវបានគេសង្កេតឃើញ ស្របពេលដែលលោកនាយករដ្ឋមន្រ្តីកាណាដា កំពុងសម្លឹងរកការគាំទ្រក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
ក្នុងកិច្ចប្រជុំមួយ រដ្ឋមន្រ្តីអន្តោប្រវេសន៍កាណាដា លោក Marco Mendicino បានលើកឡើងថា៖ ពួកយើងយល់អំពីដំណោះស្រាយដែលត្រូវធ្វើបន្តទៀតពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួននេះ ហើយយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ក្នុងការជួយដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលមានបំណងចង់តាំងទីលំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន"។
គួរឱ្យដឹងថា កាណាដាបានទទួលជនភៀសខ្លួនមកពីរដ្ឋធានីកាប៊ុល ប្រមាណជា ៣,៧០០នាក់ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយក្នុងនោះមានប្រមាណ ២,០០០នាក់ជាមនុស្សដែលធ្លាប់មានទំនាក់ទំនងជាមួយកងទ័ពកាណាដាកាលពីអតីតកាល។ កាណាដាក៏ធ្លាប់បានដាក់ទ័ពក្នុងប្រទេសអ៊ីស្លាមមួយនេះផងដែរ ហើយក្រោយមកក៏បានដកទ័ពចេញនៅឆ្នាំ២០១១ មុននឹងដកអស់ទាំងស្រុងនៅក្នុងឆ្នាំ២០១៤។
កន្លងមក លោក Justin Trudeau ធ្លាប់ត្រូវបានទទួលរងការរិះគន់ជុំវិញបញ្ហានេះ ដោយប្រជាជនមួយចំនួនបានសំដែងការបាត់បង់ទំនុកចិត្តមកលើលោកទៀតផង ដោយងាកទៅចាប់អារម្មណ៍លើគូប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមការស្ទង់មតិដោយសារព័ត៌មានក្នុងប្រទេសកាណាដាមួយនាពេលថ្មីៗនេះ។
ក្រោយមកទៀត នាយករដ្ឋមន្រ្តីកាណាដាក៏ធ្លាប់បានលើកឡើងថា កាណាដាមានផែនការក្នុងការទទួលយកជនភៀសខ្លួនប្រមាណ ២ម៉ឺននាក់ ដែលបានចាកចេញពីប្រទេសទៅហើយដោយផ្តល់អាទិភាពចំបងទៅលើស្រ្តី និងកុមារ, ក្រុមអ្នកការពារសិទ្ធិមនុស្ស, អ្នកសារព័ត៌មាន និងក្រុមអ្នកស្រលាញ់ភេទដូចគ្នាជាដើម-ល-៕