សហរដ្ឋអាមេរិកជំរុញសម្ពាធដល់មេដឹកនាំកងទ័ពស៊ូដង់ឱ្យចូលរួមកិច្ចចរចាបទឈប់បាញ់ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល
អន្តរជាតិ៖ សហរដ្ឋអាមេរិកបានស្នើដល់កងទ័ពស៊ូដង់ឱ្យចូលរួមកិច្ចចរចាស្តីពីការបញ្ចប់សង្រ្គាមដ៏សាហាវដែលកំពុងកើតមាន ខណៈដែលកិច្ចពិភាក្សាស្ដីពីការបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះបានធ្វើឡើងនៅឯប្រទេសស្វីស ដោយមានការចូលរួមតែពីភាគីម្ខាងទៀតប៉ុណ្ណោះ។ សង្គ្រាមនៅស៊ូដង់បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅ រវាងកងទ័ពស៊ូដង់ក្រោមការគ្រប់គ្រងរបស់លោក Abdel Fattah al-Burhan និងកងកម្លាំង (RSF) ដែលដឹកនាំដោយលោក Mohamed Hamdan Daglo។
ក្នុងកិច្ចពិភាក្សានៅឯប្រទេសស្វីស ដោយអវត្តមានរបស់លោក Abdel Fattah al-Burhan នៅពេលកិច្ចពិភាក្សាចាប់ផ្តើម រដ្ឋមន្រ្តីការបរទេស Antony Blinken បានស្នើឱ្យមានការទាក់ទងតាមទូរសព្ទភ្លាមៗទៅកាន់លោក Burhan ដើម្បីឱ្យលោកចូលរួមក្នុងកិច្ចពិភាក្សានេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បញ្ជាក់ថា ក្នុងកិច្ចសន្ទនាតាមទូរសព្ទ លោក Blinken បានរំលេចពីភាពចាំបាច់របស់លោក Burhan ដែលជាភាគីដែលចាំបាច់ក្នុងកិច្ចពិភាក្សានេះ។ ជាងនេះទៅទៀត លោក Blinken ក៏បានលើកឡើងអំពីភាពចាំបាច់នៃការចូលរួមពីសំណាក់ភាគីទាំងពីរ ដើម្បីបញ្ចប់សង្រ្គាម និងធានាការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ូដង់រាប់លាននាក់ដែលកំពុងរងគ្រោះ។
លោក Tom Perriello បេសកជនពិសេសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ូដង់ថ្លែងថា "វាគប្បីជាពេលវេលាដ៏ស័ក្តិសមបំផុតមួយដើម្បីបញ្ចប់សំឡេងស្នូរកាំភ្លើង"។ កិច្ចពិភាក្សាដែលរៀបចំដោយសហរដ្ឋអាមេរិកនេះត្រូវបានគេដឹងថានឹងរៀបចំឡើងរយៈពេល ១០ថ្ងៃ ជាលក្ខណៈកិច្ចពិភាក្សាចង្អៀត ខណៈទីតាំងមិនត្រូវបានបញ្ជាក់ឱ្យដឹងជាសាធារណៈឡើយ។
ខណៈដែលគណៈប្រតិភូចលនាកងទ័ព RSF កំពុងចូលរួមក្នុងកិច្ចពិភាក្សានេះ ដោយឡែក កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ឯណោះវិញហាក់មិនពេញចិត្តឡើយនឹងរបៀបរបបនៃកិច្ចពិភាក្សាដែលរៀបចំដោយទីក្រុងវ៉ាស៊ីនតោននេះ។ រដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយស៊ូដង់លោក Graham Abdelkader បាននិយាយនៅមុនកិច្ចពិភាក្សាថា រដ្ឋាភិបាលកំពុងច្រានចោល "អ្នកសង្កេតការណ៍ថ្មី ឬភាគីចូលរួមដទៃ" បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានទទូចឱ្យមានការចូលរួមរបស់ប្រទេសអារ៉ាប់រួមក្នុងឋានៈជាអ្នកសង្កេតការណ៍។
កន្លងមក កងកម្លាំងយោធាស៊៊ូដង់បានចោទប្រកាន់អារ៉ាប់រួមម្តងហើយម្តងទៀតថាបានគាំទ្រចលនាយោធា RSF ខណៈអារ៉ាប់រួមតែងបានបដិសេធ និងច្រានចោលការចោទប្រកាន់នេះ៕