ប្រធានាធិបតីទួរគី៖ យើងនឹងបន្តគាំទ្របុព្វហេតុប៉ាឡេស្ទីន និងជំរុញសហគមន៍អន្តរជាតិបង្កើនការដាក់សម្ពាធលើអ៊ីស្រាអែល
ទួរគី៖ ប្រធានាធិបតីទួរគី លោក តាយយ៉ីប អឺឌូហ្គេន (Tayyip Erdogan) បានថ្លែងទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស (Mahmoud Abbas) កាលពីថ្ងៃពុធថា ប្រទេសទួរគីនឹងបន្តគាំទ្របុព្វហេតុប៉ាឡេស្ទីន និងជំរុញសហគមន៍អន្តរជាតិឱ្យបង្កើនការដាក់សម្ពាធទៅលើអ៊ីស្រាអែល។ បើតាមការបង្ហោះសារពីការិយាល័យប្រធានាធិបតីទួរគីនៅលើបណ្ដាញសង្គម X ឱ្យដឹងថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីស្ថានការណ៍វិវឌ្ឍន៍នាពេលថ្មីៗនេះ និងកិច្ចការងារដែលត្រូវធ្វើបន្តដើម្បីជំរុញឱ្យមានបទឈប់បាញ់រយៈពេលយូរអង្វែង និងជំរុញឱ្យមានសន្តិភាពនៅតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា លោក Erdogan បានថ្កោលទោសទៅលើសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ដោយចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចមួយចំនួនថានៅតែរក្សាភាពស្ងាត់ស្ងៀម និងបន្តគាំទ្រអ៊ីស្រាអែលដដែល។ ប្រធានាធិបតីទួរគីបានប្រាប់ទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីនថា បណ្ដាប្រទេសទាំងអស់ ជាពិសេសប្រទេសមូស្លីមគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវបទឈប់បាញ់បន្ទាន់មួយនៅក្នុងតំបន់ហ្គាហ្សានិងជំរុញឱ្យមានការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរំខានណាមួយដល់ប៉ាឡេស្ទីន។ លោក Abbas ក៏គ្រោងនឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំវិសាមញ្ញមួយចំពោះមុខសភាទួរគីនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។
កន្លងមក ទួរគីតែងតែបានប្រកាសថ្កោលទោសទៅលើការវាយប្រហាររបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ព្រមទាំងបានបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែលទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ទួរគីបានស្នើសុំដាក់ខ្លួនចូលរួមជាភាគីនៅក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិ ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍បន្ថែមទៀត។
គួរឱ្យដឹងដែរថា រដ្ឋាភិបាលទួរគីបានប្រកាសអញ្ជើញប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងអនុញ្ញាតឱ្យថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិកកាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ ដែលសកម្មភាពនេះត្រូវបានរដ្ឋាភិបាលទីក្រុង អង់ការ៉ា Ankara ប្រកាសថ្កោលទោស៕