ថៃ៖ តុលាការធម្មនុញ្ញថៃនៅថ្ងៃពុធ ទី១៤ ខែសីហានេះ បានប្រកាសដកតំណែងលោកនាយករដ្ឋមន្រ្តី ស្រីថា ថាវីស៊ីន (Srettha Thavisin) ជុំវិញករណីពាក់ព័ន្ធនឹងការតែងតាំងអតីតមេធាវី លោក ភិឈិត ឈឺនបាន (Pichit Chuenban) ដែលធ្លាប់ជាប់ពន្ធនាគារឱ្យកាន់តំណែងជាសមាជិកនៃគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលរបស់លោក។
សូមបញ្ជាក់ថា លោក ស្រីថា ថាវីស៊ីន ដែលជាអតីតអ្នកជំនួញធំផ្នែកអចលនទ្រព្យ គឺជានាយករដ្ឋមន្រ្តីថៃទី៤ ហើយដែលត្រូវបានដកចេញពីតំណែងដោយដំណើរការរឿងក្ដីនៅក្នុងតុលាការធម្មនុញ្ញដូចគ្នានេះ។ ការសម្រេចដកតំណែងរបស់នាយករដ្ឋមន្ត្រីនៅពេលនេះធ្វើឡើង បន្ទាប់ពីតុលាការរកឃើញថា លោក ស្រីថា បានបំពានរដ្ឋធម្មនុញ្ញក្នុងការតែងតាំងរដ្ឋមន្រ្តីមិនគោរពតាមសីលធម៌ និងវិជ្ជាជីវៈ។
ការដកតំណែងនាយករដ្ឋមន្រ្តីនៅពេលនេះធ្វើឡើង បន្ទាប់ពីលោកបានឡើងកាន់តំណែងក្នុងរយៈពេលមិនដល់មួយឆ្នាំផង ដែលមានន័យថាសភាថៃដែលមានសមាជិកសរុប ៥០០នាក់ ត្រូវតែកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងការរំពឹងទុកលើភាពមិនច្បាស់លាស់លើផ្លូវនយោបាយបន្ថែមទៀត ខណៈរដ្ឋប្រហារ និងសេចក្តីសម្រេចរបស់តុលាការដែលបានទម្លាក់រដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើនក្នងពេលកន្លងមក បានធ្វើឱ្យស្ថានភាពនយោបាយរបស់ថៃត្រូវញាំញី និងស្មុគស្មាញខ្លាំង។
ដោយឡែក កាលពីសប្តាហ៍មុនតុលាការធម្មនុញ្ញថៃក៏ទើបតែបានប្រកាសរំលាយគណបក្ស ឆ្ពោះទៅមុខ (Move Forward Party) និងបានសម្រេចហាមមិនឱ្យមេដឹកនាំគណបក្សនេះគឺលោក ភីថា លឹមចារើនណាត (Pita Limjaroenrat) ចូលរួមធ្វើនយោបាយរយៈពេល ១០ឆ្នាំផងដែរ៕