ភ្នំពេញ៖ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា បទល្មើស ឧបឃាត គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬ នាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ បើតាមការបកស្រាយរបស់ លោក កើត រិទ្ធ កាលពីលោកនៅជារដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅឡើយ បទល្មើសឧបឃាត សំដៅដល់ការត្រៀមរៀបចំគំនិតដើម្បីធ្វើអំពើភេរវកម្ម ឬអំពើហិង្សាណាមួយ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋ ឧទាហរណ៍៖ ការទិញគ្រាប់បែកដើម្បីត្រៀមបំផ្ទុះស្ថាប័នរដ្ឋណាមួយ។
មាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌចែងថា «បទឧបឃាត» គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬ នាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ បទឧបឃាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ។ បើតាមមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌចែងថា «បទឧបឃាត» ត្រូវដាក់ពន្ធនាគារអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ។
ដោយឡែក បើតាមសេចក្ដីថ្លែងការណ៍ និងការបកស្រាយលើទិដ្ឋភាពច្បាប់របស់ក្រសួងយុត្តិធម៌ ជុំវិញផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម "បទល្មើសឧបឃាត" តាមបញ្ញត្តិមាត្រា៤៥១ និងមាត្រា៤៥២ នៃក្រមព្រហ្មទណ្ឌ៕