អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនឹងបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងបង្អស់ទៅកាន់ប្រទេសចិន
វៀតណាម៖ មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាសប្តាហ៍ក្រោយ ដែលជាការបំពេញដំណើរទស្សនកិច្ចទៅបរទេសដំបូងបង្អស់ចាប់តាំងពីលោកបានឡើងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានចូលកាន់អំណាចកាលពីដើមខែសីហាកន្លងមក។
បើតាមប្រភពពីសារព័ត៌មាននានាអះអាងថា ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងអ្នកជិតខាងដែលប្រកាន់យករបបនយោបាយបែបកុម្មុយនិស្តទាំងពីរដែលបានព្យាយាមអភិវឌ្ឍលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងល្អប្រសើរ បើទោះបីជាមានការប៉ះទង្គិចម្តងម្កាលជុំវិញបញ្ហាព្រំដែននៅលើសមុទ្រចិនខាងត្បូងក៏ដោយក្ដី។
ប្រភពពីមន្រ្តីជាន់ខ្ពស់វៀតណាមចំនួន ២រូបបានអះអាងថា លោក To Lam ក្នុងឋានៈជាប្រមុខរដ្ឋរបស់វៀតណាមគ្រោងនឹងធ្វើដំណើរទៅដល់ទឹកដីចិននាថ្ងៃទី១៨ ខែសីហានេះ ដែលលោកគ្រោងនឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប ក្នុងដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងរយៈពេល ២ថ្ងៃ។
លោក To Lam ដែលបច្ចុប្បន្នមានវ័យ ៦៧ឆ្នាំបានចូលកាន់តំណែងជាប្រធានាធិបតីវៀតណាមកាលពីខែឧសភាកន្លងមក ធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ឡាវ និងធ្លាប់ទទួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្សីផងដែរកាលពីខែមិថុនាកន្លងទៅ ខណៈលោកក៏ទើបតែបានជួបជជែកតាមទូរសព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន ក្រោយទទួលបានការតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសដំបូងបង្អស់របស់លោក To Lam ចាប់តាំងពីលោកត្រូវបានតែងតាំងជាថ្នាក់ដឹកនាំកំពូលបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី០៣ ខែសីហា ពោលគឺរយៈពេលជាង ២សប្តាហ៍ក្រោយអតីតអគ្គលេខាធិការបក្ស លោក ង្វៀន ភូត្រុង )Nguyen Phu Trong)៕