កីឡា៖ ខ្សែប្រយុទ្ធរបស់ក្លិបអធិរាជ-ស Real Madrid កីឡាករ Vinicius Jr បានបើកទ្វារសម្រាប់ទទួលសំណើដែលមានតម្លៃ ១ពាន់លានអឺរ៉ូពីអារ៉ាប៊ីសាអូឌីត។ នេះបើតាមប្រភពមួយបានឱ្យដឹងនៅថ្ងៃចន្ទនេះ។
ប្រភពដដែលបញ្ជាក់ថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានទាក់ទងផ្ទាល់ដោយមន្រ្តីមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (Saudi Public Investment Fund) ដើម្បីចង់ដឹងពីចំណាប់អារម្មណ៍របស់កីឡាកររូបនេះផ្ទាល់ក្នុងការផ្លាស់ទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត លើកិច្ចសន្យារយៈពេល ៥ឆ្នាំដែលមានតម្លៃប្រហែល ២០០លានអឺរ៉ូក្នុងមួយរដូវកាល ដែលរួមទាំងមានប្រាក់រង្វាន់លើកទឹកចិត្តផ្សេងទៀត។
ដោយឡែក ការចរចានេះនឹងមកជាកញ្ចប់តែម្តងនូវការពិភាក្សាលើកិច្ចសន្យាដោយឡែកមួយដែលមានរយៈពេល ១០ឆ្នាំដែលនាំឱ្យ Vinicius Jr ក្លាយជាទូតសុឆន្ទៈសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០៣៤ ដោយលក្ខខណ្ឌ និងកញ្ចប់លុយលើកិច្ចសន្យានេះមិនទាន់ត្រូវបានដាក់លើតុចរចានៅឡើយ។ ទោះជាមិនទាន់មានការប្រកាសជាផ្លូវការ ប៉ុន្តែគេដឹងថា Vinicius Jr បានបើកផ្លូវឱ្យភាគីអារ៉ាប៊ីសាអូឌីតចូលចរចាជាមួយក្លិប Real Madrid ដោយផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានងាកមកផ្តោតខ្លាំងលើកីឡាបាល់ទាត់ ជាមួយចំណាប់អារម្មណ៍នៃការដេញថ្លៃជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ២០៣៤ ហើយជាងនេះទៅទៀតអារ៉ាប៊ីសាអូឌីតបានប្រកាសគម្រោងវិនិយោគ និងឯកជនភាវូបនីយកម្មលើក្លិបបាល់ទាត់ធំៗជាច្រើន ដែលក្នុងនោះ Saudi Public Investment Fund កាន់កាប់ភាគហ៊ុន ៧៥ភាគរយលើក្លិបធំៗរបស់អារ៉ាប៊ីសាអូឌីតចំនួន ៤ រួមមាន Al Ahli, Al Ittihad, Al Hilal និង Al Nassr។
ដោយឡែក Real Madrid ឯណេះវិញហាក់មិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចរចារផ្ទេរកីឡាកររូបនេះនោះទេ ដោយបានរំលេចឃ្លាមួយគឺការទិញផ្តាច់កិច្ចសន្យារបស់ Vinicius Jr ដែលមានសុពលភាពដល់ឆ្នាំ ២០២៧ ក្នុងតម្លៃ ១,០០០លានអឺរ៉ូ៕