រុស្សី៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានដាក់បញ្ជាឱ្យកងទ័ពរុស្សីត្រូវចាត់វិធានការបណ្ដេញទាហានអ៊ុយក្រែនដែលបានឈ្លានពានចូលមកក្នុងទឹកដីរុស្ស៊ី ខណៈអាជ្ញាធរបញ្ជាក់ថាមានពលរដ្ឋប្រមាណជា ១២ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលរងការឈ្លានពានដោយទាហ៊ានអ៊ុយក្រែន។
គួររំឮកថា កងកម្លាំងយោធាអ៊ុយក្រែនបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន ព្រមទាំងបានដាក់តាំងមូលដ្ឋានមួយចំនួនរបស់ខ្លួនបន្ថែមទៀត នៅក្នុងការវាយប្រហារចូលទៅក្នុងទឹកដីរុស្សីដែលពុំធ្លាប់មានសោះឡើយចាប់តាំងពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់។
ប្រមុខយោធាអ៊ុយក្រែនលោក Oleksandr Syrsky បានរាយការណ៍ជូនប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញនេះថា កងកម្លាំងអ៊ុយក្រែនបានកាន់កាប់ និងគ្រប់គ្រងលើទឹកដីរុស្ស៊ីប្រហែល ១,០០០គីឡូម៉ែត្រការ៉េ ហើយកំពុងនិងបន្ត "ប្រតិបត្តិការវាយលុក" របស់ខ្លួនផងដែរ។ លោកប្រធានាធិបតី Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាមួយថា ការប្រតិបត្តិការវាយប្រហារឆ្លងព្រំដែននេះគឺជា "បញ្ហាសន្តិសុខសុទ្ធសាធ" ដោយបានចាប់យកទីតាំងដែលកងទ័ពរុស្ស៊ីវាយប្រហារលើតំបន់ Sumy របស់អ៊ុយក្រែន។
ដោយឡែក លោក Vladimir Putin បានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងកិច្ចប្រជុំរបស់មន្រ្តីរដ្ឋាភិបាលយ៉ាងដូច្នេះថា "គោលដៅជាក់លាក់របស់សត្រូវគឺជាការសាបព្រួសភាពមិនចុះសម្រុងនឹងគ្នា និងបំផ្លាញការរួបរួម ភាពស្អិតរមួតក្នុងសង្គមរុស្ស៊ី"។ លោកបន្តថា៖ "ជាការពិតណាស់! ភារកិច្ចចម្បងគឺសម្រាប់ក្រសួងការពារជាតិគឺការបណ្ដេញសត្រូវចេញពីទឹកដីរបស់យើង"។
អ្នកវិភាគនយោបាយ និងជាអតីតអ្នកការទូតប្រចាំស្ថានទូតអាមេរិកនាទីក្រុងមូស្គូ លោក Donald Jensen ថ្លែងថា តាមអ្វីដែលកំពុងបង្ហាញ និងកំពុងកើតឡើងទាំងអស់នេះបញ្ជាក់់ថា លោក ពូទីន កំពុងពង្រឹងការប្តេជ្ញាចិត្តរបស់លោកក្នុងការយកឈ្នះលើសត្រូវ ដែលមានន័យថា "គ្មានការចរចាសន្តិភាព" ណាមួយអាចត្រូវបានធ្វើឡើងនោះទេ៕