ភ្នំពេញ៖ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជម្រាបមកកាន់លោក រស់ សារ៉ុម ថា ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតក្នុងការបង្កើត "គណបក្សសន្តិភាពជាតិ" មានអក្សរកាត់ "គ.ស.ជ"។ នេះបើតាមសេចក្ដីជូនដំណឹងដែលអង្គភាព EAC News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ថា បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃលេខ ២៥៧៨ សជណ គណបក្សសន្តិភាពជាតិ មានតំណាងស្ថាបនិកគឺលោក រស់ សារ៉ុម ដែលជាប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាស្ថាបនិកក្រុមបញ្ញវន្ដកំណែទម្រង់សង្គម និងមានទីស្នាក់ការកណ្ដាលស្ថិតនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕