ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហែម វណ្ណឌី ជំរុញអភិក្រមគាំទ្រធុរកិច្ច នៅពេលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន

ព្រៃវែង: នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិភាក្សាការងារជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយផ្តោតលើតួនាទីសំខាន់របស់មន្ទីរក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធុរកិច្ចក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់​កម្ពុជា ហើយមន្ទីរជាតួអង្គដ៏សំខាន់ក្នុងការជំរុញដំណើរការនេះទៅមុខ។ ឯកឧត្តមបានលើកឡើងថា៖​ “ការធ្វើ​ពិពិធកម្ម​ពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នជាច្រើន ប៉ុន្តែក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ មានតួនាទីស្នូលក្នុងការសម្របសម្រួលគ្រប់គ្រងការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្ម។”

លោកបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់មន្ទីរឧស្សាហកម្ម ក្នុងការផ្តល់ប្រឹក្សា​ដល់​​វិស័យ​ឯកជន ពិសេសទាក់ទងនឹងបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដែលលើកកម្ពស់គុណភាព និង​ផលិត​ភាព។ ឯកឧត្តមបានណែនាំឱ្យបង្កើតយន្តការចែករំលែកទិន្នន័យក្នុងចំណោមមន្ទីរក្រោមរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាការចែករំលែកទិន្នន័យជាមួយក្រសួង ដោយធ្វើយ៉ាងណាឱ្យមានលំហូរទិន្នន័យ​កាន់​តែប្រសើរ ដើម្បីលើកកម្ពស់ការធ្វើសេចក្តីសម្រេច​ចិត្ត និងគោលនយោបាយដែលមានព័ត៌មានច្បាស់លាស់។

លោកបានណែនាំមន្ទីរទាំងពីរ ពិសេសនៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ​និងធុរកិច្ចរបស់កម្ពុជា និងមានរោង​ចក្រ-សហគ្រាសរាប់ពាន់ទីតាំង ឱ្យបន្តនវានុវត្តន៍ ក្នុងរបៀបរបបការងាររបស់ខ្លួន ដោយលើកជា​ឧទាហរណ៍អំពីការដំឡើង​ឧបករណ៍​ចាប់សញ្ញា (sensor) សម្រាប់សុវត្ថិភាពឧស្សាហកម្ម ដើម្បីតាមដានកំដៅ និងកម្រិតបំពុល ដោយបញ្ជូនទិន្នន័យភ្លាមៗទៅកាន់ប្រព័ន្ធកណ្តាល ដើម្បីកាត់បន្ថយការចុះផ្ទាល់។

លោកបាន​ប្រៀប​ធៀបការបណ្តុះធុរកិច្ចទៅនឹងការលូតលាស់របស់ដើមឈើ ដោយលើកឡើងថា៖ "យើងមិនត្រូវទៅអង្រួនដើមឈើ ពេលដែលវាទើបចាប់ផ្តើមលូតលាស់នោះទេ។ អ្វីដែលយើងត្រូវធ្វើគឺពូនជ្រុំ ស្រោចទឹក ដាក់ជី និងថែទាំវាឱ្យបានទៀងទាត់។ ក្រសួងកំពុងជំរុញអភិក្រមគាំទ្រធុរកិច្ច មិនមែនរំខានទេ នៅពេលដែលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន។”

អភិក្រមនេះឆ្លុះបញ្ចាំងកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលបានលុបបំបាត់ការចុះអធិការកិច្ច​ច្រើន​លើក ដោយបង្កើតយន្តការអធិការកិច្ចអន្តរក្រសួងរួម ដែលមានការសម្របសម្រួល និងធ្វើ​ឡើង​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមន្ទីរទាំងពីរ ស្វែងរកឱកាស និងកំណត់សក្តានុ​ពល​បង្កើតតម្លៃ​បន្ថែមនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយលើឧទាហរណ៍នៃតម្រូវការវត្ថុធាតុដើមក្នុងវិស័យកាត់ដេរ ដូចជា ក្រណាត់ អំបោះ ឡេវ និងធាតុចូលផលិតកម្មផ្សេងទៀត ព្រមទាំងលើកទឹកចិត្តឱ្យមន្ទីរប្រមូល និងចែក​រំលែក​ទិន្នន័យនេះឱ្យបានទូលំទូលាយ។

ចំពោះការដឹកនាំស្ថាប័ន លោកបានលើកឡើងពីការគ្រប់គ្រងខ្លួនឯង ដូចជាការមានវិន័យផ្ទាល់ខ្លួន ការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ និងការថែរក្សាសុខភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ភាពយុត្តិធម៌ និងឱកាសស្មើគ្នា ដោយកំណត់តួនាទី និងទំនួលខុសត្រូវច្បាស់លាស់ ព្រមទាំងភាពចាំបាច់នៃការរៀបចំផែនការបន្តវេន្តឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវនិរន្តរភាព និង​ប្រសិទ្ធភាពយូរ​អង្វែង​របស់ស្ថាប័ន។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក