អេស្ប៉ាញ៖ ក្លិបបាល់ទាត់ FC Barcelona ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ បានសម្រេចចិត្តក្នុងការបញ្ចេញកីឡាកររបស់ខ្លួនជាបន្តបន្ទាប់ក្នុងទីផ្សារដោះដូររដូវក្តៅនេះ ក្នុងគោលបំណងរក្សាស្ថេរភាពចំណាយរបស់ក្លិប ដែលជាកំពុងជាប់បំណុលប្រមាណ ១ពាន់លានអឺរ៉ូ។
ជាក់ស្តែង! នៅក្នុងទីផ្សារដោះដូរកីឡាករថ្ងៃចុងក្រោយរបស់ FC Barcelona បានបញ្ចេញកីឡាករ ៣រូបក្នុងលក្ខខណ្ឌខ្ចីជើងផង និងលក់ផ្តាច់ផង ប៉ុន្តែក្លិបក៏បាននាំចូលកីឡាករមួយរូបមកវិញក្នុងថ្ងៃចុងក្រោយនេះផងដែរ។
១. Antoine Griezmann៖ កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលជាខ្លាំងក្នុងថ្ងៃចុងក្រោយដែល Barcelona បានដាក់ឱ្យ Griezmann ត្រឡប់ទៅកាន់ក្លិបចាស់របស់គេគឺ Atletico Madrid ខ្ចីជើងចំនួន ២រដូវកាល រួមជាមួយលក្ខខណ្ឌទិញផ្តាច់ផងដែរ។ គួរបញ្ជាក់ថា Griezmann ត្រូវបាន Baracelona ទិញយកកាលពីឆ្នាំ២០១៩ កន្លងទៅក្នុងតម្លៃ ១២០លានអឺរ៉ូ ពី At.Madrid នេះតែម្តង ខណៈលក្ខខណ្ឌខ្ចីជើង ២រដូវកាលនេះ At.Madrid នឹងជាអ្នកចំណាយទាំងស្រុងទៅលើ Griezmann។
២. Emerson Royal៖ ខ្សែការពារស្តាំ Emerson Royal ក៏ស្ថិតក្នុងបញ្ជីលក់ចេញនារដូវក្តៅនេះផងដែរ បន្ទាប់ពីកីឡាកររូបនេះទើបតែត្រូវបានក្លិបនាំយកពីក្លិប Real Betis មកវិញ ក្រោយបញ្ចប់លក្ខខណ្ឌខ្ចីជើង ២រដូវកាល។ Emerson គឺជាកីឡាករសញ្ជាតិប្រេស៊ីល ផ្ទេរមកពីក្លិប Atletico MG ហើយការផ្ទេរទៅកាន់ Spurs ត្រូវបានភាគីទាំងពីរព្រមព្រៀងគ្នាក្នុងតម្លៃ ២៥,៨លានផោន។ Emerson នឹងរួមរស់ជាមួយ Spurs ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។
៣. Ilaix Moriba៖ ខ្សែបម្រើវ័យក្មេងរូបនេះ ក៏ត្រូវបានក្លិបលក់ចេញនៅថ្ងៃចុងក្រោយផងដែរ បន្ទាប់ពីមានបញ្ហាមិនយល់ស្របគ្នាមួយចំនួន ជុំវិញការទាមទារតម្លើងថ្លៃឈ្នួលរបស់យុវជនសញ្ជាតិហ្គីណេរូបនេះ។ ក្នុងកិច្ចព្រមព្រៀងរវាង Barcelona និង Leipzig កីឡាកររូបនេះមានតម្លៃខ្លួន ១៦លានអឺរ៉ូ ដោយភ្ជាប់ជាមួយលក្ខខណ្ឌក្នុងការទទួលបានប្រាក់នានាបន្ថែមចំនួន ៦លានអឺរ៉ូផ្សេងទៀត។ ក្នុងកិច្ចសន្យានោះផងដែរ Barcelona ក៏បានដាក់លក្ខខណ្ឌក្នុងការទទួលបានប្រាក់ ១០ភាគរយ ប្រសិនបើ Leipzig លក់ចេញកីឡាករវ័យ១៨ឆ្នាំរូបនេះទៅឱ្យក្លិបផ្សេងនាពេលអនាគត។
ក្រៅពីការលក់ចេញនៅថ្ងៃចុងក្រោយ លោក Ronald Koeman ក៏បានសម្រេចនាំចូលកីឡាករសញ្ជាតិហូឡង់មួយរូបមកចូលរួមជាមួយក្លិបផងដែរ ពោលគឺខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Luuk De Jong ក្នុងលក្ខខណ្ឌខ្ចីជើងពី Sevilla រហូតដល់ខែមិថុនា ឆ្នាំ២០២២។ ក្លិប Barcelona នឹងរ៉ាប់រងរាល់ការចំណាយរបស់ De Jong រួមជាមួយលក្ខខណ្ឌទិញផ្តាច់នាពេលក្រោយបានផងដែរ៕