រដ្ឋសភា កម្ពុជា ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍ និងប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញប្រកាសថ្កោលទោស ប្រឆាំងយ៉ាង ដាច់អហង្ការ ចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជាគម្រោង បង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាព ដល់មតិ សាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត ចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជា ពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាព ដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសក៍ឯក និងជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ បានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរ ក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជា ទទួលបាននាពេលបច្ចុប្បន្ននេះ។
ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ ចំពោះឆន្ទៈប្រជា ពលរដ្ឋចំនួនជាង៨៤% ដែលបានចេញទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងចំណោមគណបក្សនយោបាយចំនួន១៨ ហើយបានបោះឆ្នោត ជ្រើសរើសគណបក្សចំនួនពីរ។ ជាលទ្ធផលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងលើស លប់ ក្នុងចំនួនជាង៨២% ដោយទទួលបាន១២០អាសនៈ នៅក្នុងរដ្ឋសភា។
ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភានីតិកាលទី៧ បាននិងកំពុងបំពេញមុខងាររបស់ខ្លួនយ៉ាងសកម្ម ស្របតាមរដ្ឋធម្មនុញ្ញក្នុងការបម្រើប្រជាពលរដ្ឋនិងការពារផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ការបង្កើត រាជរដ្ឋាភិបាលនៅកម្ពុជា មិនអាចប្រព្រឹត្តទៅតាមរូបភាពណាមួយ ក្រៅពីការបោះឆ្នោតជាសកលពីប្រជាពលរដ្ឋ ផ្ទាល់ ដោយត្រឹមត្រូវ យុត្តិធម៌ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ ដូចដែលបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនចំនួន៧អាណត្តិ មកហើយ នោះបានឡើយ។
សូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជា គម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាព ដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។