វេណេហ្ស៊ុយអេឡា៖ ក្រុមគណបក្សប្រឆាំងរបស់ប្រទេសវេណេហ្ស៊ុយអេឡានៅថ្ងៃទី១១ ខែសីហានេះ បានអំពាវនាវឱ្យមានការតវ៉ានៅទូទាំងពិភពលោកនៅថ្ងៃទី១៧ ខែសីហាដើម្បីបង្ហាញការគាំទ្រចំពោះជ័យជម្នះដែលគណបក្សប្រឆាំងបានអះអាងទៅកាន់អ្នកគាំទ្ររបស់ខ្លួន ខណៈលទ្ធផលដែលប្រកាសដោយអាជ្ញាធររៀបចំការបោះឆ្នោតបង្ហាញថាជ័យជម្នះបានទៅលើប្រធានាធិបតីកំពុងកាន់អំណាច លោក Nicolas Maduro។
មេដឹកនាំគណបក្សប្រឆាំង លោកស្រី Maria Corina Machado តាមរយៈវីដេអូមួយបាននិយាយថា៖ "នៅថ្ងៃទី១៧ ខែសីហានេះ យើងនឹងដើរដង្ហែរជាក្បួននៅតាមផ្លូវទូទាំងប្រទេសវេណេហ្ស៊ុយអេឡា និងនៅជុំវិញពិភពលោក.... ចូររួមគ្នាបង្ហាញឱ្យពិភពលោកគាំទ្រជ័យជម្នះរបស់យើង និងទទួលស្គាល់ការពិត ព្រមទាំងទទួលស្គាល់អំណាចរបស់ប្រជាជន"។
បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ថ្លែងថា៖ "ពួកយើងឈ្នះ វេណេហ្ស៊ុយអេឡាឈ្នះ! ជួបគ្នានៅថ្ងៃទី១៧ ខែសីហា"។ គួរបញ្ជាក់ដែរថា មេដឹកនាំទាំងពីរនៃគណបក្សប្រឆាំងបានលាក់ខ្លួនប្រហែលជា ១សប្តាហ៍កន្លងមកហើយ ខណៈលោកស្រី Machado អះអាងថា មានការគំរាមកំហែងធ្វើឃាតលើលោកស្រីទៀតផង។
ដោយឡែក អាជ្ញាធរជាតិរៀបចំការបោះឆ្នោតរបស់វេណេហ្ស៊ុយអេឡាបានប្រកាសកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅថា លោកប្រធានាធិបតី Nicolas Maduro គឺជាអ្នកទទួលបានជ័យជម្នះជាមួយសំឡេងគាំទ្រសរុប ៥២ភាគរយ ប៉ុន្តែមកដល់ថ្ងៃនេះគេនៅមិនទាន់ទទួលបានលទ្ធផលលម្អិតផ្លូវការសម្រាប់ការបោះឆ្នោតនេះនៅឡើយទេ។ ដោយឡែក បើតាមលទ្ធផលដែលបញ្ចេញដោយគណបក្សប្រឆាំងបានបង្ហាញថា លោក Edmundo Gonzalez Urrutia ជាអ្នកទទួលបានជ័យជម្នះជាមួយសំឡេងគាំទ្រដល់ទៅ ៦៧ភាគរយ។
យ៉ាងណាមិញ មេដឹកនាំគណបក្សប្រឆាំង លោកស្រី Maria Corina Machado បានអំពាវនាវឱ្យលោកប្រធានាធិបតី Maduro ចូលចរចាដោយសន្តិវិធី ដោយក្រុមគណបក្សប្រឆាំងអះអាងថានឹងផ្តល់ការធានា និងការលើកទឹកចិត្តនៅក្នុងកិច្ចចរចាផ្លាស់ប្តូរតំណែង ដែលមានន័យថាលោក Maduro ត្រូវចាកចេញពីតំណែងប្រធានាធិបតីរបស់លោក៕