
ស្ថានទូតបារាំងកោតសរសើរវត្តមានតារាចម្រៀងរ៉េប វណ្ណដា នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ បានបិទបញ្ចប់ហើយនាថ្ងៃទី១២ ខែសីហានេះ ដែលពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកធ្វើឡើងនៅកីឡដ្ឋានជាតិ Stade de France ដែលមានអ្នកចូលរួមទស្សនាពិធីនេះផ្ទាល់ប្រមាណជា ៧១,៥០០នាក់។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងជាមោទកភាពរបស់ប្រជាជនកម្ពុជានោះគឺ កំពូលតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ក៏មានវត្តមានចូលរួមសំដែងនៅក្នុងកម្មវិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកនេះផងដែរ ដោយបង្ហើរសំឡេងនូវបទចម្រៀង Time To Rise ដែលជាស្នាដៃដ៏អស្ចារ្យ និងជាមរតកចុងក្រោយមុនពេលលោកព្រឹទ្ធាចារ្យ គង់ ណៃ ទទួលមរណភាព។
ក្រោយវត្តមានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានអបអរសាទរ និងកោតសរសើរជាខ្លាំងនូវវត្តមានតារាកម្ពុជាខាងលើ និងបានសរសេរសារនៅលើបណ្ដាញសង្គមផ្លូវការយ៉ាងដូច្នេះថា៖ "អស្ចារ្យណាស់ Vann Da - វណ្ណដា! តារារែបកម្ពុជាដ៏ល្បីឈ្មោះបានច្រៀងនៅចំពោះមុខពិភពលោកកាលពីយប់មិញ ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍២០២៤។ មុនពេលកម្ពុជាដណ្តើមបានមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួននៅថ្ងៃណាមួយ ឈ្មោះរបស់វ៉ាន់ដានឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក!"៕