អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ៖ ការឃាត់ខ្លួនបុគ្គលឈ្មោះ សាន អឿន មិនមានពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែសីហានេះបានបញ្ជាក់ថា ការនាំខ្លួនលើបុគ្គលឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងអង្គហេតុ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ពោលគឺ "មិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ"។
បើតាមសេចក្ដីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់តៗគ្នាថា “បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ”។
ពាក់ព័ន្ធនឹងការចុះផ្សាយ និងចែកចាយតៗគ្នានូវព័ត៌មានខាងលើ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានកំពុងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ សាន អឿន និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ ជាបទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទឈ្មោះ សាន អឿន ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២២៣ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ។ ចំពោះការលើកឡើងរបស់ឈ្មោះ សាន គន្ធា ត្រូវជាកូនស្រីរបស់ឈ្មោះ សាន អឿន ថា “បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ” និងការបង្ហោះរបស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការអនុវត្តច្បាប់នៅក្នុងសំណុំរឿងនេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បានជំរាបដល់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបន្តទៀត៕