ទីក្រុងវៀងចន្ទន៍៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ តបតាមសំណើរបស់រដ្ឋមន្ត្រីសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងទទួលបានសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាមួយនិងលោក ប៊ូឌី សាឌីគីន (HE Budi G. Sadikin)រដ្ឋមន្ត្រីសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងអមដោយគណៈប្រតិភូនៃក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលនៃការចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (The 16th ASEAN Health Ministers Meeting and Related Meetings) នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាសុខាភិបាល ភាពធន់នៃវិស័យសុខាភិបាល ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ សុវត្ថិភាព ផលិតផលសុខាភិបាល និងឧបករណ៍បរិក្ខារពេទ្យ និងបច្ចេកវិទ្យាសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល និងបច្ចេកវិទ្យាជីវវេជ្ជសាស្រ្ត។ អនុស្សរណៈនៃការយោគយល់នេះ ក៏នឹងបន្តពង្រឹងវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល នៃប្រទេសយើងទាំងពីរ និងបានឆ្លើយតបនឹងចំនុចអាទិភាពសុខាភិបាលជាចម្បងលើការពង្រឹងប្រព័ន្ធសេវាសុខាភិបាល សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានេះ លោករដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បានលើកឡើងនូវសំណើសហប្រតិបតិការ ជាមួយក្រសួងសុខាភិបាលកម្ពុជា ដូចជាភាពជាដៃគូកិច្ចសហប្រតិបត្តិការនៃមជ្ឈមណ្ឌលជាតិព្យាបាលជំងឺបេះដូង ជំងឺមហារីក និងភាពជាដៃគូសហប្រតិបត្តិការ និងគាំទ្រដល់មន្ទីរពេទ្យជាតិ មិត្តភាពខ្មែរសូវៀតជាដើម។ ជាកិច្ចឆ្លើយតប លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះពិតជាការរិតចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ ដែលមានរយៈពេល៦៥ឆ្នាំកន្លងមក៕