ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus អាចនឹងដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នបង់ក្លាដែស
បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសអាចនឹងមានរដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយដែលដឹកនាំដោយសេដ្ឋវិទូម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក មូហាម៉េដ យូណុស (Muhammad Yunus) នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហានេះ បន្ទាប់ពីហេតុការណ៍បាតុកម្មដ៏ចលាចលជាច្រើនសប្តាហ៍មួយបានកើតឡើង និងបង្ខំឱ្យលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង និងបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។
លោក Yunus ដែលមានវ័យ ៨៤ឆ្នាំ និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលតែមួយគត់របស់ប្រទេសបង់ក្លាដែស និងជាអ្នករិះគន់យ៉ាងចាស់ដៃលើអតីតនាយករដ្ឋមន្ត្រីលោកស្រី Hasina ត្រូវបានក្រុមនិស្សិតដែលជាបាតុករដឹកនាំយុទ្ធនាការប្រឆាំងនឹងអតីតនាយករដ្ឋមន្រ្តីលើកឡើងថា លោកគឺជាបុគ្គលដ៏ស័ក្ដិសមសម្រាប់មុខតំណែងនេះ។ លោក Yunus ត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជាប្រធានទីប្រឹក្សា រួមជាមួយនឹងក្រុមទីប្រឹក្សាមួយនៅរសៀលថ្ងៃព្រហស្បតិ៍នេះនៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នដែលមេដឹកនាំយោធាលើកឡើងថាទំនងជានឹងអាចមានសមាជិកចំនួន ១៥នាក់។
គណបក្សសម្ព័ន្ធ Awami របស់អតីតនាយករដ្ឋមន្ត្រី Hasina មិនត្រូវបានគេបូកបញ្ចូលទៅក្នុងក្រុមប្រឹក្សាដែលនឹងដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ននេះឡើយ។ នេះបើយោងតាមការបញ្ជាក់ពីលោក Waker-Uz-Zaman នាយឧត្តមសេនីយ៍ប្រមុខយោធាបង់ក្លាដែស។ យ៉ាងណាក្ដី លោក Sajeeb Wazed Joy ដែលជាកូនប្រុសរបស់លោកស្រី Hasina និយាយថា គណបក្សរបស់លោកមិនទាន់បោះបង់ចោលការចូលរួមដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ននេះនៅឡើយទេ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបពិភាក្សាជាមួយភាគីនានា និងរដ្ឋបាល។
សូមបញ្ជាក់ថា លោក Muhammad Yunus ត្រូវបានគេស្គាល់ថាជាអ្នកជំនាញសេដ្ឋកិច្ច និងបានឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ២០០៦ សម្រាប់ការបង្កើតធនាគារដែលត្រួសត្រាយការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាមួយនឹងប្រាក់កម្ចីតូចៗដល់អ្នកខ្ចីដែលខ្វះខាត។ លោក Yunus នឹងមកដល់រដ្ឋធានី ដាហ៍កា (Dhaka) ពីទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទៅទទួលការព្យាបាលសុខភាពនៅទីនោះ៕