លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានារួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានសាធារណរដ្ឋប្រជាមានិតចិន កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ានសាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាម៉េរិក ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ រដ្ឋមន្ត្រីសុខាភិបាលចិន រដ្ឋមន្ត្រីសុខាភិបាលកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ធានានិរន្តរភាព ការយកចិត្តទុកដាក់ និងដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ការយកចិត្តទុកដាក់ និងនិរន្តរភាពតាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល ការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖
- ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន
- ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល
- ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីប្រកាសរួម នៃប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសុខាភិបាលអាស៊ានអាមេរិក និងរបាយការណ៍របស់ឧត្តមមន្ត្រីសុខាភិបាល (SOMHD)។
- ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយវិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន។
- ព្រមទាំងបញ្ជូនរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។
ក្នុងនាមក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួនស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។