ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាពចំពោះសាកលវិទ្យាល័យ ដឹ ម៉ុនហ្វត របស់ចក្រភពអង់គ្លេស ដែលបានសម្រេចជ្រើសរើសយកប្រទេសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែងរបស់ខ្លួនសម្រាប់តំបន់អាស៊ីអាគ្នេយ៍។
ក្នុងនាមរាជរដ្ឋាភិបាលសម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតចក្រភពអង់គ្លេស ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យដែលបានខិតខំធ្វើការងារយ៉ាងច្រើន ទំរាំឈានដល់ការសម្ពោធជាផ្លូវការនាថ្ងៃនេះបន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការនាំមកនូវការអប់រំកម្រិតឧត្តមសិក្សាដែលមានស្តង់ដារខ្ពស់មកកាន់ប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់សាកលវិទ្យាល័យ ដឹ ម៉ុនហ្វត ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាអតីតនិស្សិតដែលបានសិក្សានៅ ចក្រភពអង់គ្លេសសម្តេចពិតជាមានការពេញចិត្តចំពោះបទពិសោធន៍នៃការសិក្សារបស់សម្តេចនៅទីនោះ និងពិតជាមានក្តីរំភើបជាពិសេសចំពោះវត្តមាននៃសាកលវិទ្យាល័យ ដឹ ម៉ុនហ្វត នៅកម្ពុជា នាពេលនេះ ដោយធ្វើឱ្យសម្តេចអាចមើលឃើញនូវអត្ថន័យបួនយ៉ាងពីការចាប់បដិសន្ធិរបស់សកលវិទ្យាចក្រភពអង់គ្លេសនៅកម្ពុជា។
អត្ថន័យទាំងនោះរួមមាន៖ ទី១. វត្តមាននេះបានបង្ហាញអំពីការទទួលស្គាល់នូវ គុណភាពអប់រំរបស់ព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរដែលអាចចូលរៀនបាន ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដាអប់រំ កម្រិតអន្តរជាតិ។ សាកលវិទ្យាល័យ ដឹ ម៉ុនហ្វត បានសម្រេចជ្រើសរើសប្រទេសកម្ពុជាជាគោលដៅសម្រាប់ការបើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យមួយនេះទទួលបាននូវការទទួលស្គាល់ថាប្រទេសកម្ពុជាបានផ្តល់តម្លៃដល់ការអប់រំតាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។
សាកលវិទ្យាល័យ ដឹ ម៉ុនហ្វត បានមើលឃើញថាការអប់រំកំពុងមានឥទ្ធិពលលើការ អភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលនៅតែបន្តឥតឈប់ឈរនៅក្នុងការពង្រឹងគុណភាព និងបង្កើនសក្តានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម។ សាកលវិទ្យាល័យនេះក៏បានសម្លឹងឃើញថាប្រទេសកម្ពុជាពោរពេញទៅដោយយុវជនដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្មនៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខ្លួន ក៏ដូចជាអភិវឌ្ឍន៍សហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល។ ទី២. នេះគឺជាការទទួលស្គាល់ស្ថិរភាពខាងនយោបាយ ការរីកចម្រើនខាងសេដ្ឋកិច្ច សក្តានុពលកំណើនតទៅអនាគតរបស់កម្ពុជា ជាពិសេសគឺការវាយតម្លៃទៅលើការចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើងស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា។ ពិតណាស់ថា ការវិនិយោគលើសាកលវិទ្យាល័យត្រូវការទុនច្រើន ជាពិសេសលើការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។ ដូច្នេះការសម្រេចចិត្តវិនិយោគគឺពិតជាត្រូវការនូវការវាយតម្លៃដោយប្រាកដប្រជា និង ដោយភាពប្រុងប្រយ័ត្នបំផុត។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការណ៍ដែលសាកលវិទ្យាល័យ ដឹ ម៉ុនហ្វត សម្រេចជ្រើសរើសយកប្រទេសកម្ពុជា ជាទីតាំងសម្រាប់ការបើកសាខាទី១នៅអាស៊ីអាគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្តដ៏រឹងមាំចំពោះបរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា។ ទី៣. វត្តមានរបស់សាកលវិទ្យាល័យ ដឹ ម៉ុនហ្វត នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើតជម្រើសកាន់ តែសម្បូរបែបសម្រាប់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា និង ទី៤. សាកលវិទ្យាល័យ ដឹ ម៉ុនហ្វត អាចជួយកម្ពុជាក្នុងការបំពេញលំហូរចេញនូវធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅហ្នឹងកន្លែង ពោលគឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង៕