ថៃ៖ នៅថ្ងៃពុធនេះ តុលាការថៃនឹងធ្វើការសម្រេចអំពីជោគវាសនាគណបក្សប្រឆាំង ឆ្ពោះទៅមុខ ឬ Move Forward Party នៅក្នុងសំណុំរឿងដ៏ស្មុគស្មាញមួយដែលគេមានការបារម្ភថាអាចនឹងមានដុតបញ្ឆេះភ្លើងនយោបាយឡើងវិញរវាងនយោបាយអភិរក្សនិយមដ៏មានឥទ្ធិពលរបស់ថៃ និងគណបក្សប្រឆាំងឈ្នះឆ្នោតដែលកំពុងមានប្រជាប្រិយភាពនេះ។
សូមបញ្ជាក់ថា តុលាការធម្មនុញ្ញនឹងធ្វើការសម្រេចលើសំណើរបស់ស្ថាប័នបោះឆ្នោតដើម្បីរំលាយគណបក្ស ឆ្ពោះទៅមុខ ដែលឈ្នះឆ្នោតកាលពីឆ្នាំ២០២៣នេះ បន្ទាប់ពីតុលាការនៅខែមករាកន្លងទៅបានរកឃើញថា យុទ្ធនាការរបស់គណបក្សនេះបានប៉ះពាល់ដល់ច្បាប់ដែលការពាររបបរាជានិយមថៃពីការរិះគន់នានា ក៏ដូចជានឹងប៉ះពាល់ទៅលើប្រព័ន្ធអភិបាលកិច្ចថៃដែលមានអង្គព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។
គួរបញ្ជាក់ថា ការឃោសនាបែប anti-establishment របស់គណបក្ស Move Forward បានទាក់ទាញឱ្យមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋអ្នកបោះឆ្នោត ប៉ុន្តែក៏បានបង្កឱ្យមានការប៉ះទង្គិចជាមួយខ្សែស្រឡាយគ្រួសារអភិជនដែលមានអំណាចគ្រាក់ៗក្នុងសង្គមថៃ អ្នកនយោបាយអភិរក្សនិយម និងកងកម្លាំងយោធា ដែលការកែទម្រង់ច្បាប់ទាក់ទងនឹងព្រះមហាក្សត្រនេះហាក់ជាជំហានដ៏ឆ្ងាយមួយ នៅក្នុងប្រទេសថៃដែលជាប្រទេសរាជានិយម ហើយព្រះមហាក្សត្រទ្រង់មានអំណាចច្រើននៅក្នុងការគ្រប់គ្រងប្រទេស។
សូមបញ្ជាក់ថា គូប្រជែងនយោបាយរបស់គណបក្សឆ្ពោះទៅមុខបានព្យាយាមរារាំងការបង្កើតរដ្ឋាភិបាលថ្មីរបស់គណបក្សនេះកាលពីឆ្នាំមុន ក៏ប៉ុន្តែយ៉ាងណាក្ដីគណបក្សប្រឆាំងថ្មីនេះនៅតែមានអំណាច និងសំឡេងធំមួយដដែលនៅក្នុងសភាជាតិ ជាពិសេសឥទ្ធិពលទៅលើវិស័យយោធា និងសេដ្ឋកិច្ច។
យ៉ាងណាក្ដី គណបក្ស Move Forward បានបដិសេធរាល់ការចោទប្រកាន់ និងអះអាងថាមិនបានប្រព្រឹត្តកំហុសណាមួយឡើយ។ គណបក្សនេះក៏បង្ហាញអំពីក្ដីសង្ឃឹមផងដែរថានឹងអាចរួចផុតពីការរំលាយបក្សចោល ដោយលើកហេតុផលថាបណ្តឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតមិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ៕