លោកស្រី កាម៉ាឡា ហារីស និងបេក្ខភាពអនុប្រធានាធិបតីចាប់ផ្តើមយុទ្ធនាការឃោសនាដំបូងនៅរដ្ឋ Pennsylvania
សហរដ្ឋអាមេរិក៖ បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខភាពអនុប្រធានាធិបតីថ្មីផ្លូវការ លោក ធីម វ៉ាលហ្សស៍ (Tim Walz) បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរួមគ្នាជាលើកដំបូងបង្អស់នៅឯទីក្រុង Philadelphia រដ្ឋ Pennsylvania ដែលគេជឿជាក់ថានេះជាការចាប់ផ្តើមនូវការបង្ហាញ និងណែនាំបេក្ខភាពមេដឹកនាំអាមេរិកទាំងពីរទៅកាន់ប្រជាជាតិ។
នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោក Walz នៅមុខអ្នកគាំទ្រប្រមាណជា ១០,០០០នាក់នាសាកលវិទ្យាល័យ Temple បានលើកឡើងខ្លះៗអំពីជីវប្រវត្តិរបស់លោកដែលធំធាត់ឡើងនៅឯទីក្រុងតូចមួយនៃរដ្ឋ Nebraska ក៏ដូចជាការបម្រើក្នុងឆ្មាំកងទ័ពជាតិជាង ២៤ឆ្នាំ និងអាជីពជាគ្រូបង្រៀននៅវិទ្យាល័យ ព្រមជាមួយការងារគ្រូបង្វឹកកីឡាជាដើម។
ក្នុងសុន្ទរកថានេះ លោក Walz ក៏ឆ្លៀតចាក់ចំណុចខ្លះៗទៅលើការបំពានច្បាប់របស់លោក Trump ក៏ដូចជាពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ច ជាមួយនឹងបញ្ហាកូវីដ-១៩ ដែលបានញាំញីសហរដ្ឋអាមេរិកក្នុងអាណត្តិរបស់អតីតប្រធានាធិបតីរូបនេះផងដែរ។ សូមបញ្ជាក់ថា លោកស្រី Kamala Harris បានជ្រៀតចូលការប្រជែងតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤នេះ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសដកខ្លួនពីការប្រជែងតំណែងសម្រាប់អាណត្តិទី២ ហើយលោកស្រី Harris បានទទួលការគាំទ្រយ៉ាងឆាប់រហ័ស និងស្ទើរតែច្រើនជាងបេក្ខភាពលោក Donald Trump ទៀតផង។
លោកស្រី Kamala Harris បានប្រកាសពីការជ្រើសយកលោក Tim Walz ជាបេក្ខភាពអនុប្រធានាធិបតីរបស់លោកស្រីក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤នេះ ដោយផ្អែកលើបទពិសោធន៍ជាច្រើនរបស់លោក ជាពិសេសការទាក់ទាញអ្នកគាំទ្រស្បែកសរបស់សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រររបស់លោក Trump។ យុទ្ធនាការរបស់លោកស្រី Kamala Harris បញ្ជាក់ថា យុទ្ធនាការបានទទួលប្រាក់រៃអង្គាសប្រមាណ ២០លានដុល្លារអាមេរិកបន្ថែមទៀត ក្រោយការប្រកាសថា លោក Walz ជាបេក្ខភាពអនុប្រធានាធិបតីផ្លូវការ៕