ក្រុមហ៊ុន Meta សុំអភ័យទោសដែលបានលុបចោលការបង្ហោះសាររបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងអះអាងថាជាកំហុសបច្ចេកទេស
ម៉ាឡេស៊ី៖ Meta Platforms បានចេញមកសុំទោសជាសាធារណៈនៅថ្ងៃអង្គារនេះ ជុំវិញហេតុការណ៍នៃការលុបចោលសារដែលបង្ហោះដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលក្រុមហ៊ុន Meta បានថ្លែងសារវាជាកំហុសបច្ចេកទេស ខណៈសាររបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានសម្ដែងនូវមរណទុក្ខទៅកាន់ក្រុមហាម៉ាសពាក់ព័ន្ធនឹងការធ្វើឃាតមេដឹកនាំក្រុមគឺលោក Ismail Haniyeh។
អ្នកនាំពាក្យនៃក្រុមហ៊៊ុន Meta បានថ្លែងប្រាប់សារព័ត៌មាន Rueter យ៉ាងដូច្នេះថា ក្រុមហ៊ុន Meta មានការសោកស្ដាយចំពោះកំហុសឆ្គងក្នុងប្រតិបត្តិការដោយបន្ថែមថាខ្លឹមសារត្រូវបានបង្ហោះឡើងវិញជាមួយព័ត៌មានដ៏ត្រឹមត្រូវ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកបានចាត់ទុកចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន ឬក្រុមហាម៉ាស ជាអង្គការដ៏គ្រោះថ្នាក់ និងបានធ្វើការហាមឃាត់នូវរាល់ខ្លឹមសារទាំងឡាយដែលមានលក្ខណៈលើកសរសើរក្រុមនេះ។ ក្រុមហ៊ុន Meta បានប្រើប្រាស់នូវរាល់បច្ចេកទេស រួមទាំងការពិនិត្យដោយមនុស្សផងដើម្បីវាយតម្លៃលើខ្លឹមសារនៃការបង្ហោះ មុននឹងសម្រេចថាលុបចោលការបង្ហោះ ឬដាក់លក្ខខណ្ឌផ្សេងទៀត។
លោកនាយករដ្ឋមន្រ្តី Anwar Ibrahim បានបង្ហោះសារនៅលើហ្វេសប៊ុក (Facebook) និង (Instagram) ផ្ទាល់ខ្លួន ដោយបានបង្ហាញអំពីវីដេអូដែលលោកបានជជែកតាមទូរសព្ទជាមួយមន្រ្តីក្រុមហាម៉ាស ដើម្បីចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់លោក Ismail Haniyeh។ លោកក៏បានបង្ហោះរូបភាពពីជំនួបចុងក្រោយរបស់លោកជាមួយលោក Haniyeh នៅក្នុងប្រទេសកាតាកាលពីខែឧសភា រួមជាមួយនឹងសាររំលែកទុក្ខផងដែរ។
នេះក៏ជាការប៉ះទង្គិចលើកទី២ហើយរវាងរដ្ឋាភិបាលម៉ាឡេស៊ីជាមួយក្រុមហ៊៊ុន Meta ដែលរដ្ឋាភិបាលម៉ាឡេស៊ីហៅវិធានការរបស់ក្រុមហ៊ុន Meta ថាជារឿងអយុត្តិធម៌ ការរើសអើង និងការគាបសង្កត់សេរីភាពនៃការបញ្ចេញមតិ។ រដ្ឋមន្ត្រីទំនាក់ទំនងម៉ាឡេស៊ី និងសមាជិកនៃការិយាល័យនាយករដ្ឋមន្ត្រីក៏បានជួបជាមួយតំណាងក្រុមហ៊ុន Meta កាលពីម្សិលមិញដើម្បីទាមទារឱ្យមានការពន្យល់បន្ថែមលើបញ្ហានេះ។ នៅក្នុងរឿងរ៉ាវស្រដៀងគ្នានេះ កាលពីខែឧសភាកន្លងទៅក្រុមហ៊ុន Meta បានលុបចោល និងបង្ហោះឡើងវិញនូវរូបភាពរបស់លោកនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលបានជួបជាមួយលោក Ismail Haniyeh ដោយលើកហេតុផលកំហុសបច្ចេកទេសដូចគ្នានេះ៕