ក្រោយនាយករដ្ឋមន្រ្តីលាលែងតំណែង កងកម្លាំងយោធាបង់ក្លាដែសបង្កើតរដ្ឋាភិបាលចាំផ្ទះគ្រប់គ្រងប្រទេសជាបណ្ដោះអាសន្ន
បង់ក្លាដែស៖ កងកម្លាំងយោធាបង់ក្លាដែសបានគ្រប់គ្រងលើប្រទេសជាបណ្តោះអាសន្ននៅថ្ងៃទី០៦ ខែសីហានេះ បន្ទាប់ពីមានការផ្ទុះឡើងនូវបាតុកម្មទ្រង់ទ្រាយធំដែលបានទម្លាក់លោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina ចេញពីតំណែង ហើយមេដឹកនាំរូបនេះក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។ សូមបញ្ជាក់ថា លោកស្រី Hasina មានវ័យ ៧៦ឆ្នាំបានចូលកាន់អំណាចតាំងពីឆ្នាំ២០០៩ ហើយលោកស្រីត្រូវបានចោទប្រកាន់លើការរៀបចំការបោះឆ្នោតក្លែងក្លាយមួយកាលពីខែមករានេះ ដែលបណ្ដាលឱ្យមានមនុស្សរាប់លាននាក់ចេញមុខតវ៉ានៅតាមដងផ្លូវទាមទារឱ្យលោកស្រីលាលែងពីតំណែង។
គួរបញ្ជាក់ថា បាតុកម្មដែលផ្ទុះឡើងកាលពីខែកក្កដាកន្លងទៅបណ្ដាលឱ្យមានមនុស្សរាប់រយនាក់ស្លាប់ និងបង្កឱ្យពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងលើការប្រើប្រាស់កម្លាំងបង្រ្កាបពីរដ្ឋាភិបាល ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗៗរហូតដល់មានការសម្រុកវាយប្រហារលើនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្រ្តីកាលពីថ្ងៃចន្ទ ធ្វើឱ្យលោកស្រី Hasina បានជម្លៀសខ្លួនចេញពីប្រទេសដោយឧទ្ធម្ភាគចក្រតែម្តង។
ប្រមុខយោធាបង់ក្លាដែស លោកឧត្តមសេនីយ៍ Waker-Uz-Zaman បានចេញមុខថ្លែងសុន្ទរកថានៅលើទូរទស្សន៍ជាតិ ប្រកាសពីការលាលែងតំណែងរបស់លោកស្រី Hasina ព្រមទាំងបានបញ្ជាក់ថា កងកម្លាំងយោធានឹងបង្កើតរដ្ឋាភិបាលចាំផ្ទះមួយជាបណ្ដោះអាសន្ន។ លោកឧត្តមសេនីយ៍ Waker ថ្លែងថា៖ "ប្រទេសរបស់យើងបានរងទុក្ខជាច្រើន វិស័យសេដ្ឋកិច្ចក៏ត្រូវបានប៉ះពាល់ និងមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត.....ដូច្នេះ វាល្មមហើយដែលត្រូវដល់ពេលបញ្ឈប់អំពើហិង្សា"។
គួរឱ្យដឹងថា ក្រុមបាតុករបានសម្រុកចូលទៅក្នុងសភាជាតិបង់ក្លាដែស និងបានដុតបំផ្លាញស្ថានីយ៍ទូរទស្សន៍ និងមានបាតុករខ្លះបានវាយកម្ទេចរូបសំណាកលោក Sheikh Mujibur Rahman ជាវីរបុរសស្វែងរកភាពឯករាជ្យជាតិជូនបង់ក្លាដែស ដែលលោកគឺជាឪពុករបស់លោកស្រី Hasina ផ្ទាល់តែម្តង។ អ្នកតវ៉ាជាច្រើនសុទ្ធតែបានអះអាងទាមទារឱ្យមានការទទួលខុសត្រូវទៅលើហេតុការណ៍ដែលបានកើតឡើង ជាពិសេសទាមទារឱ្យលោកស្រី Hasina ទទួលខុសត្រូវលើការស្លាប់របស់ក្រុមអ្នកតវ៉ា ដែលមានអ្នកបាត់បង់ជីវិតប្រមាណ ៣៧០នាក់រួចមកហើយ៕