តុលាការវៀតណាមកាត់ទោសអតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍ម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំ
វៀតណាម៖ អតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍វៀតណាមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២១ឆ្នាំ ពីបទក្លែងបន្លំ និងរៀបចំទីផ្សារភាគហ៊ុនដែលគិតជាទឹកប្រាក់មានតម្លៃប្រមាណ ១៤៦លានដុល្លារ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានចុះផ្សាយនៅថ្ងៃចន្ទ ទី០៥ ខែសីហានេះ។
សូមបញ្ជាក់ថា ជនជាប់ចោទមានឈ្មោះថា Trinh Van Quyet គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលជាង ៥០នាក់ដែលត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពជាប់ពាក់ព័ន្ធទៅនឹងការបោសសម្អាតអំពើពុករលួយទ្រង់ទ្រាយធំរបស់វៀតណាម ដែលគេសង្កេតឃើញថាមានការផ្តោតលើឥស្សរជនធុរកិច្ចជាន់ខ្ពស់ជាច្រើនរូប។
តុលាការក្រុងហាណូយបញ្ជាក់ថា លោក Quyet ដែលជាម្ចាស់នៃអាណាចក្រជំនួញ FLC ដែលមានអាជីវកម្មរមណីយដ្ឋានប្រណីត ទីលានវាយកូនហ្គោល និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ត្រូវតែទទួលបានការផ្តន្ទាទោសឱ្យធ្ងន់បំផុត ដោយសារតែលោកជាមេដឹកនាំនៃការអំពើក្លែងបន្លំនេះ។ កាសែត Tuoi Tre បានដកស្រង់ខ្លឹមសារនៃសាលក្រមរបស់តុលាការក្រុងហាណូយដែលបានបញ្ជាក់ថា "តាមរយៈទីផ្សារភាគហ៊ុន ចុងចោទបានធ្វើការដំណើរការជាមួយនឹងការក្លែងបន្លំ ដែលនាំឱ្យមានការមិនទុកចិត្តចំពោះអ្នកវិនិយោគ និងទីផ្សារភាគហ៊ុន ដែលបង្កឱ្យមានជាកំហឹងនៅក្នុងសង្គម"។
ដោយឡែក អ្នកជាប់ពាក់ព័ន្ធចំនួន ៤៩នាក់ទៀតដែលរួមមានបងប្អូនស្រីរបស់លោក Quyet ចំនួនពីរនាក់ និងមន្ត្រីផ្សារហ៊ុនចំនួន ៤នាក់ដែរនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៥ខែ ទៅដល់ ១៤ឆ្នាំ និងមានការប្រកាសព្យួរទោសមួយចំនួន។ ជនជាប់ចោទទាំងនោះត្រូវបានតុលាការផ្តន្ទាទោសទាក់ទងនឹងបទល្មើសក្លែងបន្លំ, ប្រើឧបាយកលទីផ្សារភាគហ៊ុន, ការរំលោភអំណាច និងការបោះពុម្ពផ្សាយព័ត៌មានទីផ្សារភាគហ៊ុនមិនត្រឹមត្រូវ។
យោងតាមការចោទប្រកាន់របស់តំណាងអយ្យការ លោក Quyet បានបង្កើតឈ្មួញកណ្តាលផ្សារហ៊ុនជាច្រើន ហើយបានចុះឈ្មោះសមាជិកគ្រួសាររាប់សិបនាក់ ដើម្បីជួញដូរភាគហ៊ុន។ តុលាការបញ្ជាក់ថា ក្នុងអំឡុងការប្រព្រឹត្តបទល្មើសនេះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ លោក Quyet បានរកប្រាក់ចូលហោប៉ៅដោយខុសច្បាប់ប្រមាណ ១៤៦លានដុល្លារអាមេរិក ខណៈជនរងគ្រោះមានប្រមាណជា ២៥,០០០នាក់។
ពាណិជ្ជករភាគហ៊ុនម្នាក់មកពីទីក្រុងហាណូយ ដែលបង្ហើបត្រឹមថាគេមានឈ្មោះ Trung បាននិយាយថា គេបានខាតបង់ទឹកប្រាក់ជិត ៨,០០០ដុល្លារអាមេរិក បន្ទាប់ពីការវិនិយោគលើភាគហ៊ុនដែលទាក់ទងនឹងក្រុម FLC។ លោកថ្លែងថា លោកមានការពេញចិត្តនឹងការប្រកាសទោសនេះ ហើយលោកបានចាត់ទុកវាជាបទពិសោធន៍សម្រាប់អាជីពជាអ្នកជួញដូរភាគហ៊ុនរបស់លោកនាពេលអនាគត៕