ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករទូទាំងខេត្តបន្ទាយមានជ័យ ប្រមាណ២ពាន់នាក់ បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គ ភាពស្ថាប័ន ពាក់ព័ន្ធ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករទូទាំងខេត្តបន្ទាយមានជ័យ ប្រមាណ២ពាន់នាក់ បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ ដែលជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។ ពិធីនេះធ្វើឡើងនៅបរិវេណ សួនតេជោ ឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្នុងនោះរដ្ឋបាលខេត្តក៏បានរៀបចំនូវនំបញ្ចុកជូនបងប្អូនប្រជាពលរដ្ឋ ពិសាដោយឥតគិតថ្លៃផងដែរ។
ដោយឡែកដែរតាមមន្ទីរ អង្គភាព វត្តអារាម សាលារៀន ក៏បានរៀបចំនូវពិធីអបអរសាទរនៃការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ ផងដែរ អមជាមួយនឹងការវាយគង ទូងស្គរ ដើម្បីជាការអបអរសាទរថ្ងៃបើកការដ្ឋានផងដែរដែរ។
សូមបញ្ជាក់ថា ៖ ព្រែកជីកហ្វូណនតេជោ ដែលមានមានប្រវែង ១៨០ គីឡូម៉ែត្រ, ជម្រៅ ៥,៤ ម៉ែត្រ (ក្រោមទឹក),មុខលើ ១០០ ម៉ែត្រ, បាតក្រោម ៨០ ម៉ែត្រ ដែលត្រូវចំណាយប្រាក់ ១,៧០០ លានដុល្លារ ឆ្លងកាត់ខេត្ត ចំនួន៤ ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប។ ក្នុងនោះមានផ្លូវអមសងខាង ប្រវែង ២០៨គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, មានទ្វារទឹក០៣កន្លែង, ស្ពាន១១ ប្រេីប្រាស់រយ:ពេលសាងសង់០៤ឆ្នាំ។ ព្រែកជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍ជាច្រេីនរួមមាន ៖ សម្រួលការដឹកជញ្ជូនទំនិញពីទន្លេទៅសមុទ្រ, ផ្តល់ជាប្រភពទឹកដល់ផ្នែកកសិកម្ម, ការបញ្ជៀសទឹកជំនន់ ,
ផ្តល់ផលនេសាទត្រី, ផ្តល់ផលប្រយោជន៍ទេសចរណ៍, មានភាពងាយស្រួលដល់ផ្នែកឧស្សហកម្ម អ្នកវិនិយោគ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរស់នៅអមសងខាងព្រែកចំនួន១លាន៦សែននាក់ផងដែរ៕