បង់ក្លាដែស៖ ក្រោយការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina លោកឧត្តមសេនីយ៍ប្រមុខយោធារបស់បង់ក្លាដែស ក៏បានចេញមុខថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិផងដែរ។
លោកឧត្តមសេនីយ៍ផ្កាយ៤ Waker-uz-Zaman និយាយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។ លោកបានបន្ថែមថា លោកនឹងជួបជាមួយលោកប្រធានាធិបតី Mohammed Shahabuddin ហើយសង្ឃឹមថា "ដំណោះស្រាយ" នឹងត្រូវបានរកឃើញនៅថ្ងៃនេះផ្ទាល់។
ប្រមុខកងទ័ពដដែលថ្លែងថា លោកក៏បានជួបជជែកជាមួយគណបក្សនយោបាយប្រឆាំងរបស់បង់ក្លាដែសរួចរាល់ហើយដែរ។ យ៉ាងណាមិញ ពុំទាន់មានប្រភពណាមួយអះអាងច្បាស់លាស់ថា នរណានឹងជាអ្នកដឹកនាំរដ្ឋាភិបាលបន្តនោះទេ។
ក្រៅពីការប្រកាសរៀបចំរដ្ឋាភិបាលបណ្ដោះអាសន្ន លោកឧត្តមសេនីយ៍ Waker-uz-Zaman ក៏បានប្តេជ្ញាថា នឹងរក "យុត្តិធម៌" សម្រាប់ប្រជាជនបង់ក្លាដែសទាំងអស់ ខណៈដែលក្រុមអ្នកតវ៉ាបាននឹងកំពុងទាមទារឱ្យរដ្ឋាភិបាលរកយុត្តិធម៌ បន្ទាប់ពីមានហេតុការណ៍ហិង្សាបណ្ដាលឱ្យស្លាប់មនុស្សរាប់រយនាក់ ក្នុងការប៉ះទង្គិចគ្នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕